នាពេលថ្មីនេះ Lamborghini បានបញ្ចេញរថយន្ត Huracan EVO ស៊េរីថ្មី ដោយបំពាក់ប្រព័ន្ធទប់លំនឹងរថយន្ត Vehicle Dynamics Control System និង ប្រព័ន្ធ Infotainment ថ្មី។
Huracan EVO បានបំពាក់កាងមុខថ្មី និងកាងកាត់ខ្យល់រចនាឡើងបែបស្លាប ជំនួយដល់លំហូរខ្យល់ ហើយរន្ធខ្យល់ខាងមុខរចនាឡើងជារូបរាងអក្សរ Y និងបំពាក់យ៉ាន់រចនាថ្មីទៀតផង។ ផ្នែកខាងក្រោយរបស់វា ប្រើកាងក្រោយកាត់ខ្យល់ និងការរចនាយ៉ាងអស្ចារ្យ។
Lamborghini បានឲ្យដឹងថា Huracan EVO អាចរត់កាត់ខ្យល់ប្រសើរជាងមុន រហូតដល់ទៅ ៥ ដងបើប្រៀបធៀបនឹងម៉ូដែល Huracan ធម្មតា។
ផ្នែកខាងក្នុង Huracan EVO បានបំពាក់គ្រឿងបរិក្ខារយ៉ាងប្រណីត និងទំនើបបំផុត ដូចជា ស្បែក និងកាំម្ញី ព្រមទាំង Cabon Fiber ទៀតផង។ នៅផ្នែកកណ្តាល វាបានបំពាក់អេក្រង់ Touchscreen ទំហំ ៨,៤ អ៊ីញថ្មី ដែលអាចបញ្ជាដោយធ្វើចលនាម្រាមដៃ, មុខងារ Apple CarPlay និងជាច្រើនទៀត។
Lamborghini Huracan EVO ប្រើម៉ាស៊ីនសាំងចំណុះ ៥,២ លីត្រ Naturally-aspirated ទំហំ ១០ ស៊ីឡាំង (V10) មានកម្លាំង ៦៣១ សេះ អាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមារហូតដល់ទៅ ៣២៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានតម្លៃចាប់ពី ២៦០ ០០០ ដុល្លារលើទីផ្សារបរទេស៕