Lamborghini Urus ស៊េរីថ្មី ទំនងបង្ហាញមុខនៅខែសីហា

[ទីផ្សារបរទេស] ក្រុមហ៊ុន Lamborghini ត្រូវបានគេរាយការណ៍មកថានឹងបង្ហាញចេញរថយន្ត Urus ស៊េរីថ្មីដែលមានផ្លាស់ប្ដូរមុខមាត់បន្តិចបន្តួច នៅក្នុងកម្មវិធី Pebble Beach Concours d’Elegance ដែលធ្វើឡើងនាខែសីហាខាងមុខនេះ។

ត្បិតថាវាអាចខុសពីទម្លាប់របស់ Lamborghini ដែលមកបង្ហាញចេញរថយន្តនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តធម្មតាបែបនេះ ប៉ុន្តែកម្មវិធី Pebble Beach ជារៀងរាល់ឆ្នាំតែងមានការចូលរួមពីសំណាក់អ្នកស្រឡាញ់ចូលចិត្តរថយន្តតម្លៃថ្លៃ កម្លាំងខ្លាំង និង SUV ប្រណីតៗដូចជា Urus ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើផ្អែកតាមរូបភាពដែលថតបាននៅពេលដែលរថយន្ត Urus ស៊េរីថ្មីរត់សាកល្បង បានបង្ហាញថារូបរាងរបស់វាហាក់មិនខុសប្លែកពីមុនឡើយ គ្រាន់តែមានផ្លាស់ប្ដូរលើផ្នែកខាងមុខបន្តិចដោយមានរន្ធស្រូបខ្យល់ដែលឌីហ្សាញថ្មី អមជាមួយរន្ធបញ្ចេញខ្យល់ខាងក្រោយបែបថ្មីផងដែរ។ សម្រាប់ផ្នែកខាងក្នុងអាចនឹងមានការប្រែប្រួលបន្តិចបន្តួច ជាពិសេសលើប្រព័ន្ធកម្សាន្ត។

ដោយឡែក Urus ស៊េរីថ្មីនឹងប្រើម៉ាស៊ីន Twin-Turbocharged ចំណុះ៤,០លីត្រ ៨ស៊ីឡាំង ដែលអាច​បង្កើនកម្លាំងឲ្យខ្លាំងលើសមុនបន្តិច ដោយបច្ចុប្បន្នម៉ាស៊ីននេះមានកម្លាំង ៦៤១សេះ ហើយគេសង្ស័យថាកម្លាំងអាចឡើងដល់ ៦៧០សេះ។

ក្រោយពី Urus ស៊េរីថ្មីប្រកាសចេញ ក្រុមហ៊ុន Lamborghini នឹងបន្ថែមប្រភេទថ្មីផ្សេងទៀតចូលក្នុងត្រកូលរថយន្ត Urus។ តួយ៉ាងដូចជាប្រភេទ Hybrid ដែលមានកម្លាំងកាន់តែខ្លាំង រួមជាមួយប្រភេទដែលផ្ដោតលើកម្លាំងដែលអាចនឹងជាគូប្រជែងរបស់ Porsche Cayenne Turbo GT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម