[ទីផ្សាររថយន្តបរទេស] ចាប់តាំងពីបង្ហាញខ្លួនក្នុងឆ្នាំ២០១៧ មក រថយន្ត Lamborghini Urus ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយលក់ដាច់បានជាង ១៦ ០០០គ្រឿង ក្នុងរយៈពេល ៤ឆ្នាំ។ ខណៈពេលដែលចំនួនលក់នៅតែខ្លាំង ជាមួយនឹងចំនួនលក់ ៥ ០២១ គ្រឿងក្នុងឆ្នាំ២០២១ ក្រុមហ៊ុន Lamborghini នឹងចេញ Urus ថ្មីនាឆ្នាំនេះ។
គំរូរថយន្តនោះអាចត្រូវបានគេហៅឈ្មោះថា Lamborghini Urus Evo ហើយត្រូវគេប្រមាញ់បានជាច្រើនដង កាលពីដើមឆ្នាំមុន ប៉ុន្តែលើកនេះវាបានបង្ហាញខ្លួនយ៉ាងននលគោក លែងមានអីបិតបាំងដូចមុនទៀតហើយ។
គំរូរថយន្តពណ៌ខ្មៅគ្រើមនោះ បង្ហាញឲ្យឃើញពីការឌីហ្សាញថ្មីនៅផ្នែកខាងមុខ ខុសប្លែកពីម៉ូដែល Urus បច្ចុប្បន្ន។ ក្រៅពីនោះ ផ្នែកចំហៀងភាគច្រើននៅរក្សាដដែល តែមានបំពាក់ការឌីហ្សាញយ៉ាន់កង់ថ្មី និងផ្តល់ជម្រើសពណ៌ថ្មីផងដែរ។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្រោយនៃម៉ូដែល Urus Evo ក៏បានផ្លាស់ប្តូរច្រើនដែរ ប៉ុន្តែនៅរក្សាបំពង់ស៊ីម៉ាំង ៤ ដដែល។
យ៉ាងណាមិញ អ្វីដែលជាការផ្លាស់ប្តូរធំបំផុតលើ Urus Evo នោះគឺម៉ាស៊ីនរបស់វា ខណៈរបាយការណ៍អះអាងថា វានឹងមានប្រើម៉ាស៊ីន plug-in hybrid ដែលអាចបង្កើតកម្លាំងសរុបបាន ៨០៨សេះ ខ្លាំងជាងម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 ពីមុន ដែលមានកម្លាំងត្រឹម ៦៤១សេះប៉ុណ្ណោះ។
គួរឲ្យដឹងថា ក្រុមហ៊ុន Lamborghini នឹងប្រកាសចេញរថយន្ត Urus Evo នាប៉ុន្មានខែខាងមុខ ដូច្នេះយើងមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕