ត្បិតថា ២០២០ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់ក្រុមហ៊ុនរថយន្តភាគច្រើន ប៉ុន្តែសម្រាប់ Lamborghini នៅមានអាជីវកម្មដែលល្អប្រសើរនៅឡើយ។ ក្រុមហ៊ុនអ៊ីតាលីនេះបានបង្កើតកំណត់ត្រាថ្មីកាលពីខែកញ្ញា ដោយអាចលក់រថយន្តបាន ៧៣៨គ្រឿង នៅទូទាំងពិភពលោក។
រថយន្តដែលលក់ដាច់បានច្រើនជាងគេគឺមានម៉ូដែល Lamborghini Urus និង Huracan។ ជាក់ស្ដែងសម្រាប់ទីផ្សារអឺរ៉ុបតែមួយ រយៈពេល ៨ខែដំបូងនៃឆ្នាំ ២០២០ ក្រុមហ៊ុនអាចលក់រថយន្ត Lamborghini Urus បាន ៥៩គ្រឿង, រថយន្ត Huracan លក់បាន ២៧គ្រឿង និងរថយន្ត Aventador លក់បាន ១៩គ្រឿង ដែលបង្ហាញបានថារថយន្ត Urus ពេញនិយមខ្លាំងជាងគេ។
ទន្ទឹមនឹងកំណត់ត្រាលក់ថ្មីនេះដែរ Lamborghini ក៏ប្រឈមនឹងបញ្ហាមួយចំនួនផងដែរ ដូចជានាយកប្រតិបត្តិក្រុមហ៊ុនបានលាលែងពីតំណែងទៅកាន់តំណែងជានាយកប្រតិបត្តិ Formula 1 វិញ ហើយ Volkswagen វិញក៏មានបំណងចង់លក់ក្រុមហ៊ុន Lamborghini ដើម្បីយកទឹកប្រាក់ទំហំធំអភិវឌ្ឍន៍លើរថយន្តអគ្គិសនីជំនាន់ថ្មី៕