
[បរទេស] Lamborghini បានធ្វើការបង្ហាញចេញនូវម៉ូឌែលថ្មី Fenomeno ដែលត្រូវបានបង្កើតឡើងដោយផ្អែកនៅលើម៉ូឌែល Revuelto ដោយប្រើប្រាស់ម៉ាស៊ីនកូនកាត់ V12 ចំណុះ ៦,៥លីត្រ ធ្វើការរួមគ្នាជាមួយម៉ូទ័រអគ្គិសនីរបស់ Yasa ចំនួន២ អាចផលិតកម្លាំងសរុបបាន ១ ០៦៥សេះនិងបញ្ជូនថាមពលទៅកាន់កង់ក្រោយតាមរយ:ប្រអប់លេខ Dual-Clutch ៨វគ្គ អាចស្ទុះពីល្បឿន ០-៩៦km/h ចាយពេលត្រឹម ២,៤វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ៣៥០km/h។
ប្រៀបធៀបជាមួយ ម៉ូឌែល Revuelto គឺ Fenomeno មានថាមពលច្រើនជាងចំនួន ៦៤សេះ ដោយសារតែការរចនាសាឡើងវិញ(Redesigned) ទៅលើប្រព័ន្ធស៊ូប៉ាប់ និងកញ្ចប់អាគុយថ្មីដែលត្រូវបានរចនាឡើងពិសេសសម្រាប់រថយន្ត Fenomeno នេះផ្ទាល់។ ខណ:កញ្ចប់អាគុយបំពាក់នៅលើម៉ូឌែល Revuelto ទំហំត្រឹម ៣,៨kWh ប៉ុណ្ណោះ ខណ:នៅលើ Fenomeno ទំហំ ៧kWh។
សូមបញ្ជាក់ផងដែរថា ម៉ូឌែលថ្មី Lamborghini Fenomeno នឹងត្រូវផលិតត្រឹមចំនួនកំណត់ ២៩គ្រឿងប៉ុណ្ណោះ ដោយគ្រឿងនីមួយៗនឹងបំពាក់មកជាមួយហ្រ្វាំងប្រភេទកាបូនសេរ៉ាមិច ដែលប្រើប្រាស់នូវបច្ចេកវិទ្យាដែលខ្ចីពីកម្មវិធី Endurance Racing Program ព្រមទាំងទាំងប្រព័ន្ធ Suspension ដែលអាចលៃតម្រូបានដោយផ្ទាល់ដៃ និងសេនស័រថ្មី “6D” សម្រាប់ជំនួយដល់ការបើកបរផងដែរ៕