Lamborghini បញ្ចេញឡានមហាកម្លាំងថ្មី តម្លៃជាង ៣២ម៉ឺនដុល្លារ

Lamborghini បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ម៉ូដែល Huracan STO ដែល​ជា​រថយន្ត​មហា​កម្លាំង​មួយ​ មាន​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី​​ ៣២៧ ៨៣៨​ដុល្លារ (មិន​ទាន់​គិត​ពន្ធ) នៅ​សហរដ្ឋអាមេរិក។

រថយន្ត Huracan STO នេះ​គឺ​មាន​បំពាក់​ដោយ​ម៉ាស៊ីន ៥,២លីត្រ ១០ស៊ីឡាំង ដែល​អាច​ផលិត​កម្លាំង​បាន ៦៣១​សេះ។ ជា​មួយ​លក្ខណៈ​សម្បត្តិ​នេះ​អាច​ឲ្យ​រថយន្ត​បង្កើន​សន្ទុះ​ពី ០-១០០​ គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម ៣វិនាទី និង​អាច​ស្ទុះ​ពី ០-២០០​ គ.ម/ម៉ ដោយ​ប្រើ​ពេល ៩វិនាទី ជា​មួយ​ល្បឿន​អតិបរមា​ ៣១០​ គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បាន​បន្ថែម​ប្រភេទ​បើកបរ​ថ្មី​ចំនួន​បី​សម្រាប់​ប្រព័ន្ធ​ ANIMA ដែល​ក្នុង​នោះ​មាន​ STO, Trofeo និង Pioggia។ STO គឺ​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​ថ្នល់ ចំណែក​ Trofeo គឺ​ផ្ដោត​លើ​ការ​បើកបរ​ល្បឿន​លឿន និង Pioggia គឺ​សម្រាប់​ការ​បើកបរ​លើ​ផ្លូវ​សើម។

រថយន្ត​ Lamborghini Huracan STO នឹង​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ជូន​អតិថិជន​​នៅ​​អំឡុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​ក្រោយ ដោយ​នៅ​អឺរ៉ុប​វា​មាន​តម្លៃ​​ចាប់​ពី​ ២៩៥ ៩៨៣​ដុល្លារ, នៅ​អង់គ្លេស​មាន​តម្លៃ​ចាប់​ពី ២៨៧ ៦៣៨​ដុល្លារ, នៅ​ចិន​មាន​តម្លៃ​ចាប់​ពី ៥៩៣ ៧៨៨​ដុល្លារ និង​នៅ​ជប៉ុន​មាន​តម្លៃ​ចាប់​ពី ៣៦១ ២២៩​ដុល្លារ ជា​តម្លៃ​ដែល​មិន​ទាន់​គិត​ពន្ធ​ទាំង​អស់៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម