រថយន្ត Lamborghini Aventador បានបង្ហាញវត្តមានជាផ្លូវការជិត១០ឆ្នាំមកហើយ ហើយអ្នកស្នងតំណែងរថយន្តមហាកម្លាំងនេះអាចនឹងបង្ហាញវត្តមានលឿនបំផុតនៅដើមឆ្នាំក្រោយនេះ។
មានចចាមអារ៉ាមជាច្រើនបានលេចចេញនាពេលកន្លងមកអំពីរថយន្តដែលនឹងស្នងតំណែង Lamborghini Aventador។ យ៉ាងណាក្ដីនាពេលនេះគេបានដំណឹងច្បាស់ការណ៍មួយចំនួនអំពីរថយន្ត ចេញពីនាយកផ្នែកបច្ចេកទេសរបស់ Lamborghini ផ្ទាល់។
ពេលជួបសម្ភាសន៍ជាមួយ Car & Driver លោក Maurizio Reggiani បានបញ្ជាក់ថារថយន្តដែលស្នងតំណែង Lamborghini Aventador នឹងបន្តបំពាក់ម៉ាស៊ីន ១២ស៊ីឡាំង ដែលជាម៉ាស៊ីនប្រចាំត្រកូលមួយរបស់ Lamborghini។ បន្ថែមពីនេះដើម្បីសន្សំសំចៃសាំង និងដើម្បីគោរពតាមស្តង់ដារបញ្ចេញឧស្ម័នពុល រថយន្តថ្មីនឹងមានបន្ថែមនូវម៉ូទ័រអគ្គិសនីមួយ។
ជាចុងក្រោយលោក Maurizio Reggiani ដែលជានាយកផ្នែកបច្ចេកទេសរបស់ Lamborghini បានឲ្យដឹងថាម៉ូទ័រអគ្គិសនីរបស់រថយន្តនឹងត្រូវបំពាក់នៅផ្នែកខាងមុខ៕