[ទីផ្សារបរទេស] សម្ព័ន្ធ Volkswagen Group ទាំងមូលកំពុងតែក្រពុលនឹងឧទ្ទវហេតុឆេះកប៉ាល់ដឹករថយន្ត Felicity Ace ដែលកប៉ាល់នេះប្រហែលជាមានដឹកជញ្ជូនរថយន្តច្រើនរហូតដល់ ៤ពាន់គ្រឿងទៅកាន់សហរដ្ឋអាមេរិក។
ក្នុងនោះក៏មានរថយន្តម៉ាក Lamborghini មួយចំនួនផងដែរ ហើយលោក Andrea Baldi ប្រធានក្រុមហ៊ុន Lamborghini ប្រចាំនៅអាមេរិក បាននិយាយថាលោកនៅទាន់ដឹងនៅឡើយទេថារថយន្ត Lamborghini ដែលនៅលើកប៉ាល់នេះរងការខូចខាតកម្រិតណា។
យ៉ាងណាក្ដីអ្វីដែលជាកង្វល់ធំរបស់លោក គឺវត្តមានរថយន្ត Aventador នៅលើកប៉ាល់។ រថយន្ត Aventador ត្រូវបានលក់ចេញអស់ និងត្រូវកំណត់ថានឹងបញ្ឈប់ការផលិតផងដែរ ដោយនឹងមានរថយន្តម៉ូដែលថ្មីចូលមកជំនួស។ ប្រសិនបើ Aventador លើកប៉ាល់រងការខូចខាត ឬខ្ទេចទាំងស្រុងនោះ ក្រុមហ៊ុនប្រហែលជាត្រូវបន្តការផលិតរថយន្ត Aventador ឡើងវិញ។
គួររំលឹកថា Porsche ធ្លាប់បានធ្វើរឿងស្រដៀងគ្នានេះកាលពីឆ្នាំ២០១៩ សម្រាប់រថយន្ត 911 GT2 RS ក្រោយពីកប៉ាល់ដឹកជញ្ជូនរថយន្តនេះបានលិចនៅឈូងសមុទ្រប្រទេសបារាំង។ ក្រុមហ៊ុន Porsche ពេលនោះបានសម្រេចផលិតរថយន្ត 911 GT2 RS បន្ថែមចំនួនបួនគ្រឿងទៀតសម្រាប់អតិថិជននៅប្រេស៊ីល។
ប៉ុន្តែសម្រាប់ Lamborghini វាអាចជារឿងលំបាកព្រោះថា Aventador ជារថយន្តមួយដែលដាច់តែឯង មិនដូចជា 911 GTS RS ដែលមានចែករំលែកគ្រឿងបន្លាស់មួយចំនួនជាមួយរថយន្ត Porsche 911 ដែលមានផលិតក្នុងបរិមាណច្រើននោះទេ។
លោក Andrea បានប៉ាន់ស្មានថាការខាតបង់សម្រាប់រថយន្ត Lamborghini ដែលស្ថិតនៅលើកប៉ាល់ Felicity Ace អាចមានទំហំទឹកប្រាក់ខ្ពស់រហូតដល់ ៣៣៥លានដុល្លារ ហើយការខាតបង់នេះអាចច្រើនលើសនេះនៅពេលដែលកប៉ាល់ Felicity Ace ត្រូវបានអូសមកដល់ផែសម្រាប់ការត្រួតពិនិត្យល្អិនល្អន់ជាងនេះ៕