Lamborghini ម៉ូដែលថ្មីចេញហើយ មួយគ្រឿងតម្លៃ ២៣ម៉ឺនដុល្លារ

Lamborghini Huracan EVO RWD Spyder ដែល​ជា​រថយន្ត​ម៉ូដែល​ថ្មី​របស់​ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​តាម​រយៈ​កម្មវិធី​បង្ហាញ​លើ​អនឡាញ ដែល​មាន​គាំទ្រ​នូវ​បច្ចេកវិទ្យា AR សម្រាប់​ការ​ទស្សនា​ជា​លើក​ដំបូង​បំផុត​។

រថយន្ត​ម៉ូដែល​ថ្មី​នេះ​គឺ​មាន​តម្លៃ​ ២២៩ ៤២៨ ដុល្លារ​នៅ​សហរដ្ឋអាមេរិក ដែល​ជា​តម្លៃ​មិន​ទាន់​គិត​បញ្ចូល​ពន្ធ​នៅ​ឡើយ។ អតិថិជន​នឹង​ទទួល​បាន​រថយន្ត​ថ្មី​នេះ​ជិះ​នៅ​អំឡុង​​ត្រីមាស​ទី ៣ ឆ្នាំ ២០២០ នេះ​តែ​ម្ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Huracan EVO RWD Spyder គឺ​មាន​បំពាក់​ម៉ាស៊ីន​ V10 ចំណុះ ៥,២លីត្រ ដែល​មាន​កម្លាំង​ ៦០២ សេះ, ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​វិល​កង់​ក្រោយ (RWD), ប្រើ​ប្រអប់​លេខ​ ៧ វគ្គ និង​មាន​ល្បឿន​អតិបរមា​ ៣២៤ គ.ម/ម៉។

រថយន្ត​នេះ​មាន​ទម្ងន់​ត្រឹម ១ ៥០៩ គីឡូក្រាម​ប៉ុណ្ណោះ ដោយ​ជា​មួយ​ទម្ងន់​ស្រាល​ និង​ម៉ាស៊ីន​កម្លាំង​ខ្លាំង​នេះ​អាច​ឲ្យ​វា​ស្ទុះ​បាន​លឿន ​​ពោល​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៣,៥ វិនាទី ​និង​ពី ០-២០០ គ.ម/ម៉ ប្រើ​ពេល​ត្រឹម ៩,៦ វិនាទី។

បើ​ប្រៀប​នឹង​​បង​ប្អូន​របស់​វា​ដែល​ជា Huracan AWD គេ​ឃើញ​ថា​ប្រភេទ RWD នេះ​គឺ​មាន​​បំពាក់​នូវ​កាង​មុខ​ដែល​មាន​​ព្រុយ​ត្រី​នៅ​ចំ​កណ្ដាល​រាង​តម្រៀប​ជា​ផ្ដេក, មាន​កាង​ក្រោយ​កម្ពស់​ខ្ពស់​​ពណ៌​ខ្មៅ​រលោង និង​បំពង់ស៊ីមាំង​ថ្មី​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម