Lamborghini លក់ឡានបានច្រើនមិនធ្លាប់ជួប ឆ្នាំនេះគ្រោងចេញឡានថ្មី៤ទៀត

[ទីផ្សារបរទេស] ឆ្នាំ២០២១នឹងជាឆ្នាំដែលក្រុមហ៊ុនរថយន្ត Lamborghini ចងចាំទុកជាប្រវត្តិសាស្ត្រ ដោយសារក្រុមហ៊ុនអាចដឹកជញ្ជូនរថយន្តបានរហូតដល់ ៨ ៤០៥គ្រឿង ជូនដល់អតិថិជននៅទូទាំងពិភពលោក ជាកំណត់ត្រាថ្មីមួយដ៏អស្ចារ្យ។

ចំនួនលក់នៅឆ្នាំ២០២១ មានការកើនឡើង ១៣% ធៀបនឹងឆ្នាំ២០២០ ហើយក្រុមហ៊ុនបានបញ្ជាក់ថា​ពួកគេឃើញមានកំណើនពីរខ្ទង់ក្នុងទីផ្សារចំនួនបី រួមមានទីផ្សារអាមេរិក, អាស៊ីប៉ាស៊ីហ្វិក និងទីផ្សារ EMEA (អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក​ជាទីផ្សារធំជាងគេ ដែលលក់ចេញបានសរុប ២ ៤៧២គ្រឿង តាមពីក្រោយដោយប្រទេសចិនជាមួយចំនួនលក់ ៩៣៥គ្រឿង ហើយអាល្លឺម៉ង់ស្ថិតនៅលេខបីជាមួយចំនួនលក់ ៧០៦គ្រឿង ខណៈដែលចក្រភពអង់គ្លេសលក់ចេញបាន ៥៦៤គ្រឿង។

ក្នុងនោះដែររថយន្ត Urus លក់ដាច់បានច្រើនជាងគេ ដោយអាចលក់ចេញបានចំនួន ៥ ០២១គ្រឿង និងបន្ទាប់មកទៀតគឺរថយន្ត Huracán អាចលក់បាន ២ ៥៨៦គ្រឿង ខណៈដែលរថយន្ត Aventador លក់ចេញបាន ៧៩៨គ្រឿង។

នៅឆ្នាំ២០២២នេះផងដែរ Lamborghini មានគម្រោងបង្ហាញចេញផលិតផលថ្មីចំនួនបួន ដោយមិនទាន់បាននិយាយអ្វីលម្អិតពីផលិតផលថ្មីឡើយ ប៉ុន្តែមួយក្នុងចំណោមនោះទំនងជារថយន្ត Urus ដែលមានការអាប់ដេតថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម