កាលពីដើមឆ្នាំមានឪពុក និងកូនប្រុសម្នាក់រស់នៅទីក្រុង Erie រដ្ឋ Colorado បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតចាប់អារម្មណ៍ ដោយសារតែបានធ្វើព្រីន 3D នូវរថយន្ត Lamborghini Aventador SV ទំហំប៉ុនរថយន្តពិត។
ឪពុកឈ្មោះ Sterling Backus និងកូនប្រុសអាយុ ១២ ឆ្នាំរបស់ខ្លួន បានសំងំផលិតរថយន្ត Aventador SV នេះ អស់ជិត ២ ឆ្នាំមកហើយ។ រថយន្តដែលបង្កើតមកមិនត្រឹមតែមានរូបរាងស្រដៀងនោះទេ ប៉ុន្តែថែមទាំងអាចបើកទៅមុខបានទៀតផង។ នេះក៏ដោយសារមានបំពាក់ម៉ាស៊ីន ៥,៧ លីត្រ GM LS1 ពីរថយន្ត Chevrolet Corvette ស៊េរីឆ្នាំ ២០០៣។
ការប្រឹងប្រែងរបស់អ្នកពីរមិនអត់ប្រយោជន៍នោះទេ ដោយពេលនេះក្រុមហ៊ុន Lamborghini បានសម្រេចចិត្តផ្ដល់រង្វាន់ដ៏ធំ។ ក្រុមហ៊ុនបានធ្វើឲ្យកូនប្រុសអាយុ ១២ ឆ្នាំភ្ញាក់ផ្អើល ដោយក្រុមការងាររបស់ Lamborghini បានទៅដល់ផ្ទះរបស់ពួកគេកណ្ដាលយប់ និងបានជំនួសរថយន្ត Aventador SV ក្លែងក្លាយ ជាមួយរថយន្ត Aventador S Roadster ពិត។
យ៉ាងណាក្ដី Lamborghini ទុករថយន្ត Aventador S Roadster ពណ៌ខ្មៅឲ្យឪពុកកូន ជិះលេងក្នុងពេលត្រឹមតែ ២ សប្ដាហ៍ប៉ុណ្ណោះ មិនមែនឲ្យតែម្ដងនោះទេ៕