នេះមិនមែនជាលើកដំបូងទេដែលគេបានដឹងឮថា Toyota គ្រោងបញ្ឈប់ការបញ្ចេញលក់រថយន្ត Land Cruiser ចាប់ពីស៊េរីឆ្នាំ ២០២២ តទៅ។ ប៉ុន្តែការចុះផ្សាយថ្មីមួយបាននិយាយថារថយន្តនេះនឹងមានការវិលត្រឡប់ជាថ្មី។
ដោយដកស្រង់សម្ដីពីប្រភពហាងលក់រថយន្តធំមួយ វិបសាយ Car and Driver បានឲ្យដឹងថា Land Cruiser ស៊េរីឆ្នាំ ២០២១ នឹងជាចុងបញ្ចប់នៃរថយន្ត Land Cruiser ជំនាន់ 200-Series។ ដំណឹងល្អនោះគឺថារថយន្ត SUV មួយនេះនឹងមិនស្លាប់យូរទេ ពោលគឺនឹងមានការវិលត្រឡប់លើទីផ្សារអាមេរិកវិញ។
ប្រភពបាននិយាយដូចនេះថា ៖ “វានឹងត្រូវអស់ជីវិតចាប់ពីស៊េរីឆ្នាំ ២០២២ ប៉ុន្តែខ្ញុំគិតថាវានឹងវិលត្រឡប់មកវិញឆាប់ៗ ដោយមានភាពទំនើប និងប្រណីតជាងមុន។”
ហេតុផលមួយដែល Toyota សម្រេចចិត្តបញ្ឈប់លក់រថយន្ត Land Cruiser នៅអាមេរិក ប្រហែលមកពីចំនួនលក់ដែលមិនសូវខ្លាំងក្លាប៉ុន្មាន។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុនអាចលក់ Land Cruiser បាន ២ ៥៣៦គ្រឿង ខណៈដែលចំនួនលក់សរុបរបស់ Toyota នៅអាមេរិកកាលពីឆ្នាំមុនគឺមានដល់ ២,៤លានគ្រឿង៕