[ទីផ្សារបរទេស] រថយន្ត Land Rover Defender 130 បានបង្ហាញវត្តមានជាផ្លូវការ ក្នុងនាមជារថយន្ត SUV កៅអីបីជួរ ដែលមានសមត្ថភាពបើកបរលើគ្រប់ស្ថានភាពផ្លូវ ដែលរថយន្តនេះគឺបម្រើដល់អ្នកផ្សងព្រេងដែលចង់ដឹកដំណើរច្រើនទៅជាមួយគ្នា។
រថយន្ត Defender 130 នេះមានប្រវែងពីកង់មុខទៅកង់ក្រោយ ៣០២២ម.ម ដូចគ្នានឹង Defender 110 ដែរ ប៉ុន្តែវាបានពង្រីកខ្លួននៅផ្នែកខាងក្រោយ ដែលធ្វើឲ្យប្រវែងសរុបរបស់វាឡើងដល់ ៥៣៥៨ម.ម ដែលប្រវែងបន្ថែមនេះអាចផ្ដល់ជាកៅអីជួរទីបី និងផ្ដល់ជាកន្លែងដាក់ឥវ៉ាន់តូចមួយផងដែរ។
កៅអីជួរទីបី មិនត្រឹមតែមានបំពាក់ប្រភេទកៅអីកម្ដៅនោះទេ ប៉ុន្តែអ្នកដំណើរក៏ទទួលបានដំបូលកញ្ចក់ផ្ទាល់ខ្លួនផងដែរ។ អតិថិជនថែមទាំងអាចបន្ថែមលុយដើម្បីទទួលបានម៉ាស៊ីនត្រជាក់ដែលចែកចេញជាបួនតំបន់ផ្សេងៗគ្នាផងដែរ។ រថយន្ត Defender នេះក៏មានជាប្រភេទកៅអីអង្គុយចំនួនប្រាំ ដែលអាចផ្ដល់កន្លែងដាក់ឥវ៉ាន់កាន់តែធំទូលាយជាងមុន និងធំជាង Defender ពីរប្រភេទផ្សេងទៀត។
រថយន្តនេះមានជាប្រភេទ D300 ដែលប្រើម៉ាស៊ីនម៉ាស៊ូត កម្លាំង ២៩៥សេះ ហើយវាក៏មានជាប្រភេទ P300 ដែលប្រើម៉ាស៊ីនសាំង អាចផលិតកម្លាំងបាន ៣០០សេះ និងមួយទៀតគឺ P400 មានម៉ាស៊ីនសាំងដែលអាចផលិតកម្លាំងបាន ៤០០សេះ។
នៅលើទីផ្សារសហរដ្ឋអាមេរិក រថយន្ត Defender 130 នឹងមានតម្លៃចាប់ពី ៦៨ ០០០ដុល្លារ ដោយមិនទាន់គិតថ្លៃដឹកជញ្ជូន និងចំណាយផ្សេងៗ ហើយសម្រាប់ទីផ្សារចក្រភពអង់គ្លេស មានតម្លៃចាប់ពីប្រមាណ ៩៣ ៦០០ដុល្លារ៕