Land Rover Defender ជំនាន់ថ្មីចេញជាផ្លូវការ ប្ដូររូបរាងទាំងស្រុង

​​​​​​​​​​​​​​​​​​​​​រថយន្ត Land Rover Defender រូបរាង​ថ្មី បាន​បង្ហាញ​មុខ​មាត់​ជា​ផ្លូវ​ការ បន្ត​ស្នង​តំណែង​ជា​កំពូល​រថយន្ត Off-Road ប្រចាំ​សម័យ​កាល​ថ្មី ដែល​​នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​ក្រោយ​នេះ។

រថយន្ត​ថ្មី​ផលិត​ដោយ​ប្រើ​គ្រោង​ឆ្អឹង​ D7X ដែល​មាន​លក្ខណៈ​​កាន់​តែ​រឹង​មាំ។ រូបរាង​របស់​វា​ក៏​មាន​ផ្លាស់​ប្ដូរ​​ថ្មី​ទាំង​ស្រុង រួម​ទាំង​ផ្នែក​ខាង​ក្រៅ​ផង​ដែរ។ ផ្នែក​ខាង​ក្នុង​មាន​ចំនួន​ប៊ូតុង​តិច​តួច​បំផុត ដោយ​ការ​បញ្ជា​ភាគ​ច្រើន​ធ្វើ​ឡើង​តាម​រយៈ​អេក្រង់​ Touch។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Defender ថ្មី​មាន​ជម្រើស​កៅអី​អង្គុយ​ច្រើន​ប្រភេទ មាន​កៅអី ៥, កៅអី​អង្គុយ ៦ (មុខ ៣ ក្រោយ ៣) និង​ជម្រើស​ ៧ កៅអី (មុខ ២ កណ្ដាល ៣ ក្រោយ ២)។ ជា​មួយ​គ្រោង​ឆ្អឹង​ថ្មី ធ្វើ​ឲ្យ​ Defender មាន​កម្ពស់​ខ្ពស់​ជាង​មុន ពោល​​មាន​កម្ពស់​ពី​ដី ២៩១ ម.ម ហើយ​អាច​បើកបរ​កាត់​ទឹក​ជម្រៅ​ដល់ ៩០០ ម.ម។

សម្រាប់​លក់​នៅ​សហរដ្ឋអាមេរិក Defender មាន​ជម្រើស​ម៉ាស៊ីន​ពីរ​គឺ​ចំណុះ ២,០ លីត្រ Turbocharged និងមាន​ប្រភេទ Hybird (MHEV) ទៀត​ផង។ ប្រភេទ​ធម្មតា​មាន​កម្លាំង ២៩៦ សេះ អាច​ស្ទុះ​ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល ៨,១ វិនាទី។ ចំណែក​ប្រភេទ Hybrid កម្លាំង ៣៩៥ សេះ ចំណាយ​ពេល ៦,១ វិនាទី​ប៉ុណ្ណោះ។

Land Rover Defender មាន​ចំនួន​ ៦ ប្រភេទ គឺ​ធម្មតា, S, SE, HSE, X និង First Edition ដែល​វា​មាន​តម្លៃ​ចាប់​ពី ៤៩ ៩០០ ដុល្លារ​នៅ​សហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម