ក្រុមហ៊ុន Land Rover បានបង្ហាញចេញរថយន្ត Defender ជំនាន់ថ្មីកាលពីអំឡុងដើមឆ្នាំកន្លងទៅ ហើយពេលនេះមានការលេចឭថាក្រុមហ៊ុនកំពុងសម្ងំផលិត Defender មហាកម្លាំងមួយប្រភេទ។
ផ្អែកតាម MotorTrend បានឲ្យដឹងថា Land Rover កំពុងផលិតរថយន្ត Defender SVR ដែលវានឹងមានលក្ខណៈខុសគ្នាពីរថយន្ត Defender ធម្មតាបន្តិច។
ប្រភពខាងលើនេះបានសន្និដ្ឋានថារថយន្តថ្មីនឹងប្រើប្រាស់ម៉ាស៊ីន Twin-Turbo ចំណុះ ៤,៤លីត្រ ៨ស៊ីឡាំង ជំនួសឲ្យម៉ាស៊ីន Supercharged ចំណុះ ៥,០លីត្រ ៨ស៊ីឡាំង។ ចចាមអារ៉ាមបាននិយាយថារថយន្តថ្មីនឹងមានកម្លាំងលើសពី ៦០០សេះឯណោះ។
ម៉ាស៊ីន Supercharged ចំណុះ ៥,០លីត្រ ៨ស៊ីឡាំង ដែលប្រើប្រាស់លើរថយន្ត Defender ជំនាន់ថ្មី អាចផលិតកម្លាំងបាន ៥១៨សេះ ដែលអាចឲ្យរថយន្តស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ៤,៩វិនាទី និងល្បឿនអតិបរមា ២៤៩គ.ម/ម៉។
ដំណឹងដទៃទៀតទាក់ទងនឹងរថយន្ត Defender SVR គឺនៅមានស្ដួចស្ដើងនៅឡើយ ដោយគេរំពឹងថាវាអាចនឹងបង្ហាញវត្តមាននៅឆ្នាំ២០២២ខាងមុខនេះ៕