ក្រុមហ៊ុន Jaguar Land Rover ទើបប្រកាសចេញនូវប្រព័ន្ធ PHEV (Plug-in Hybrid) ថ្មី ហើយប្រព័ន្ធនេះនឹងប្រើប្រាស់ជាលើកដំបូងគេលើម៉ូដែល Range Rover Evoque និង Land Rover Discovery Sport។
សម្រាប់ Range Rover Evoque គឺមានបំពាក់ដោយម៉ាស៊ីន ១,៥ លីត្រ ៣ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៩៧ សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីកម្លាំង ១០៧សេះ ដែលបានថាមពលពីអាគុយចំណុះ ១៥ គីឡូវ៉ាត់ម៉ោង។ សរុបទៅប្រព័ន្ធនេះអាចផលិតកម្លាំងបាន ៣០៤ សេះ។
Range Rover Evoque ប្រភេទ P300e អាចបង្កើនសន្ទុះដល់ ១០០ គ.ម/ម៉ ប្រើពេលត្រឹម ៦,៤ វិនាទី។ វាមានសមត្ថភាពសាកភ្លើងពី ០-៨០% ដោយចំណាយពេល ៣០នាទី ហើយពេលសាកភ្លើងពេញគឺវាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៦៦ គីឡូម៉ែត្រ។
រថយន្ត Evoque ប្រភេទថ្មីនេះដែរគឺមានកម្រិតស៊ីប្រេងជាមធ្យម ១,៤ លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ពេលបើកបរដោយប្រើប្រាស់ប្រព័ន្ធ PHEV ហើយការបើកបរគឺគួបផ្សំជាមួយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ។
គួរដឹងថា JLR មិនបានប្រកាសអំពីកាលបរិច្ឆេទនៃការដាក់លក់រថយន្ត Evoque និង Discovery Sport ប្រភេទថ្មីទាំងពីរនេះនៅឡើយទេ៕