
ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Leapmotor បានប្រកាសឲដឹងថា ពួកគេនឹងប្រកាសបង្ហាញចេញនូវរថយន្តសេរ៊ីថ្មីចំនួនមួយម៉ូឌែលបន្ថែមទៀតនៅក្នុងថ្ងៃទី ០៦ ខែមិថុនា ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន ដែលក្នុងនោះ រថយន្តនេះ គឺជារថយន្តប្រភេទ SUV ៥កៅអី មានទាំងជម្រើសអគ្គិសនីសុទ្ធ និងអគ្គិសនីលាយសាំង។
ចំពោះការរចនារបស់រថយន្តនេះ នឹងមានលក្ខណៈស្រដៀងគ្នានឹង Leapmotor C10 ដែរ ប៉ុន្តែមានអេក្រង់កម្សាន្តទំហំ ១៤,៦ អ៊ីញ និងអេក្រង់ឌីជីថលទំហំ ១០,២៥ អ៊ីញ អេក្រង់ខាងក្រោយទំហំ ១៥,៦ អ៊ីញ និងប្រព័ន្ធសំឡេង 7.1.4 Dolby Atmos ចំនួន ២១គ្រាប់ ក៏ដូចជាប្រព័ន្ធប្រតិបត្តិការ Leapmotor OS ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295 និងគាំទ្រការតភ្ជាប់ 5G ជាដើម។
លើសពីនេះ ក៏បានភ្ជាប់មកជាមួយឈីប nVidia Orin-X សម្រាប់ជំនួយដល់ការបើកបរ និងឧបករណ៍ចាប់សញ្ញាចំនួន ៣០ ចំនុច ផងដែរ ខណៈព័ត៌មានលម្អិតផ្សេងទៀតមិនត្រូវបានបង្ហាញចេញនៅឡើយទេ៕