Leapmotor B10 ប្រើអគ្គិសនីសុទ្ធ អាចជិះបាន ៥១០គីឡូម៉ែត្រ ឯតម្លៃចាប់ពីខ្ទង់ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Leapmotor ដែលស្ថិតក្រោមក្រុមហ៊ុន Stellantis បានធ្វើការដាក់បានបង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Leapmotor B10 ស៊េរីថ្មីចុងក្រោយ ប្រភេទ crossover ជាមួយតម្លៃលក់ចាប់ពី ១៣ ៧៥០ ដុល្លារ ដល់ ២០ ៦៥០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Leapmotor B10 ផលិតឡើងនៅលើគ្រោងឆ្អឹង LEAP 3.5 modular architecture ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ ផ្គួបជាមួយអាគុយទំហំ​ ៥៦,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៥១៥ ម.ម ទទឹង ១ ៨៨៥ ម.ម កំពស់ ១ ៦៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយរាងស្លីម ព្រមទាំងថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងប្រព័ន្ធចាប់សញ្ញា LiDAR sensor នៅលើដំបូលផងដែរ  ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងបែប minimalistic ដោយប្រើប្រាស់អេក្រង់កំសាន្ត touchscreen ទំហំធំ សម្រាប់បញ្ជាមុខងារទូទៅលើរថយន្ត ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថល និងកន្លែងសាកថ្មឥតប្រើខ្សែជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម