Leapmotor D16 បំពាក់ជាមួយបន្ទះឈីប Qualcomm Snapdragon 8797 ចំនួន២ ត្រៀមបង្ហាញខ្លួនជាផ្លូវការ

យោងតាមសារព័ត៌មាន Autohome បានឲ្យដឹងថារថយន្ត SUV Leapmotor D16 ស្ថិតក្រោមម៉ាកយីហោត្រកូល D កំពុងត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមចិន ហើយអាចមានតម្លៃប្រហែល ៣០០ ០០០ យ័ន ឬស្មើរនិងប្រមាណ ៤២ ១០០ដុល្លារ។

ចំពោះរបាយការណ៍មុនៗបានបង្ហាញថា រថយន្ដស៊េរីថ្មីនេះនឹងមាន២ម៉ូឌែលគឺជារថយន្តប្រភេទ MPV និងរថយន្ត SUV ។ សម្រាប់រថយន្ត Leapmotor D16 ត្រូវបានគេរំពឹងថា នឹងផលិតទ្រង់ទ្រាយធំនៅត្រីមាសទីមួយនៃឆ្នាំ ២០២៦ និងចែកចាយនៅឆមាសទីមួយនៃឆ្នាំ ២០២៦។ បច្ចុប្បន្ន មិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ថាតើរថយន្តនេះនឹងមានឈ្មោះថា Leapmotor D16 ឬ D19 នោះទេ។ នៅថ្ងៃទី ១៦ ខែតុលាខាងមុខនេះ ក្រុមហ៊ុន Leapmotor នឹងរៀបចំសន្និសីទបច្ចេកវិទ្យាមួយ ហើយរថយន្ត D16 ទំនងជានឹងត្រូវបានបង្ហាញជាផ្លូវការនៅពេលនោះ។

យ៉ាងមិញកាលពីខែធ្នូឆ្នាំមុន ស្ថាបនិកក្រុមហ៊ុន Leapmotor លោក Zhu Jiangming បានបង្ហាញថា ក្រុមហ៊ុននឹងបញ្ចេញរថយន្តចំនួនបួនស៊េរីគឺ A, B, C, និង D ក្នុងរយៈពេលបីឆ្នាំខាងមុខ ដែលគ្របដណ្តប់ទីផ្សារតម្លៃចន្លោះពី ៦០ ០០០ ទៅ ៣០០ ០០០យ័ន ឬស្មើនិងប្រមាណពី ៨ ៤០០ ទៅ ៤២ ១០០ដុល្លារ។ សម្រាប់ម៉ូឌែលក្នុងត្រកូល D អាចនិងមានតម្លៃចន្លោះពី ២០០ ០០០ ទៅ ៣០០ ០០០យ័ន ឬស្មើនិងប្រមាណ ២៨ ១០០ ទៅ ៤២ ១០០ដុល្លារ។

បន្ទាប់មកនៅខែកក្កដាឆ្នាំនេះ អនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Leapmotor លោក Cao Li ក៏បានថ្លែងផងដែរថា រថយន្ត SUV ត្រកូល D គឺជាម៉ូឌែលកំពូលដំបូងគេរបស់ក្រុមហ៊ុនដែលឈានដល់កម្រិតតម្លៃ ៣០០,០០០ យ័ន ហើយបានបញ្ចប់ការធ្វើតេស្តនៅរដូវក្តៅរួចហើយ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Leapmotor បានបញ្ចេញរូបថតជាក្រុមមួយនៃម៉ូឌែល រថយន្តរបស់ខ្លួនដែលកំពុងធ្វើតេស្តនៅរដូវក្តៅក្នុងទីក្រុង Turpan ប្រទេសចិន ដែលត្រូវបានគេដាក់រហ័សនាមថាជាកន្លែងក្តៅបំផុតនៅប្រទេសចិន។ នៅក្នុងនោះមានរថយន្តរហូតដល់ទៅ ២០ គ្រឿងនៅក្នុងរូបថតនោះ រួមទាំងម៉ូដែលថ្មីៗដែលមានការបិទបាំងលាក់រូបរាង (camouflage) ច្រើនកម្រិត ដែលគ្របដណ្តប់លើប្រភេទរថយន្ត sedan, hatchbacks, SUVs និង MPVs។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុចពិសេសមួយនៃត្រកូល D គឺមានបំពាក់ជាមួយបន្ទះឈីប Qualcomm Snapdragon 8797 ចំនួន ដែលមួយសម្រាប់បន្ទប់អ្នកបើកបរឆ្លាតវៃ (intelligent cockpit) និងមួយទៀតសម្រាប់ប្រព័ន្ធជំនួយការបើកបរទំនើប (advanced driving assistance )៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម