
ក្រុមហ៊ុន Beijing Auto Works (BAW) បានបញ្ចេញរូបភាពនៃម៉ូឌែលរថយន្ដថ្មីៗជាច្រើន ដែលត្រៀមនឹងបង្ហាញខ្លួននៅពិព័រណ៍រថយន្តក្វាងចូវ(Guangzhou Auto Show)។ ក្នុងចំណោមរថយន្ដទាំងអស់ក៏មានរថយន្ដ Explorer 01 ជាម៉ូឌែល legendary ភីកអាប់របស់ម៉ាក់យីហោនេះត្រៀមខ្លួនដាក់បង្ហាញផងដែរ។

យោងតាមបញ្ជីឈ្មោះបទប្បញ្ញត្តិរបស់ប្រទេសចិនបានបង្ហាញថា ម៉ូដែលរថយន្ត Pickup របស់ក្រុមហ៊ុន BAW ដែលត្រៀមបង្ហាញខ្លួននៅពិព័រណ៍រថយន្តក្វាងចូវឈ្មោះថា Explorer 01។ រថយន្តនេះនៅតែរក្សាទម្រង់រចនាបែបជ្រុងៗដូចទៅនិងរថយន្ត 212 ប៉ុន្តែត្រូវបានពង្រីកតួខ្លួនឲ្យវែងជាង និងមានទ្រង់ខាងក្រោយវែងជាងមុន។
យោងតាមវិមាត្រដែលបានចុះបញ្ជីរថយន្ដ Explorer 01 មានបណ្តោយប្រវែង ៥ ៤៦៩ ម.ម, ទទឹង ១ ៩៥៥ ម.ម, កម្ពស់ ១ ៩៧០ ម.ម និងគម្លាតកង់មុខក្រោយ ៣ ៤៨៨ ម.ម។ សម្រាប់កម្រិតសមត្ថភាពរថយន្ដដំណើរដោយម៉ាស៊ីនម៉ាស៊ូតចំណុះ 2.3 Turbo អាចផលិតកម្លាំង ១៤០ គីឡូវ៉ាត់ និងមានអត្រាសុីប្រេង ៩.១ លីត្រ/១០០ គីឡូម៉ែត្រ។
បន្ថែមពីនេះរថយន្ដក៏បានបំពាក់មកជាមួយ
- បង្គោលការពារការក្រឡាប់ (Roll bar)
- ដំបូលគ្របទំនិញ (Cargo covers)
- ទំពក់សម្រាប់អូស (Tow hooks)
យ៉ាងណាមិញក្រុមហ៊ុន BAW មិនទាន់បានបញ្ចេញលក្ខណៈពិសេសពេញលេញទាក់ទងជាមួយរថយន្ដនេះនៅឡើយទេ ចំពោះព័ត៌មានបន្ថែមត្រូវបានគេរំពឹងថានឹងត្រូវបានបង្ហាញ នៅពេលដែលរថយន្តទាំងនេះបង្ហាញខ្លួននៅឯពិព័រណ៍រថយន្តក្វាងចូវ៕













