Lexus ត្រូវបានគេវាយតម្លៃថាជា “ម៉ាកដែលចូលចិត្តបំផុត” នៅក្នុងការស្ទង់មតិ “2021 National Automobile Dealers Association (NADA) Dealer Attitude Survey” ខណៈដែលចំណាត់ថ្នាក់ទី២ បានទៅ Toyota។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជារឿងចម្លែកនោះទេសម្រាប់ Lexus ដែលឈរនៅលើកំពូលតារាងបែបនេះ ព្រោះវាធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការស្ទង់មតិឆ្នាំ២០២០ រួចមកហើយ។
យ៉ាងណាមិញ នេះជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់ Lexus ដែលបានទប់ទល់នឹងព្យុះនៃកង្វះបន្ទះឈីប ប្រសើរជាងគូប្រជែងមួយចំនួន ហើយលក់ដាច់ជាងគូប្រជែងអាល្លឺម៉ង់របស់ខ្លួន ក្នុងត្រីមាសទី៣ ឆ្នាំ២០២១។
គួរឲ្យដឹងថា Lexus បានដឹកជញ្ជូនរថយន្តចេញពីរោងចក្ររបស់ខ្លួន ចំនួន ៨១ ០០០គ្រឿង ក្នុងរយៈពេល៣ខែ ដល់ខែកញ្ញា បើធៀបនឹង ៧៥ ៦០០គ្រឿង សម្រាប់ BMW និង ៥៥ ០០០គ្រឿង សម្រាប់ Mercedes។
សូមបញ្ជាក់ដែរថា នៅក្នុងការស្ទង់មតិខាងលើ ក្រុមហ៊ុន Honda បានឈរនៅលំដាប់លេខ៣ ខណៈ Subaru និង Porsche ឈរនៅលេខ៤ និង លេខ៥៕