
Lexus បានប្រកាសចេញរថយន្តអគ្គិសនីម៉ូឌែលមួយទៀត ដែលស្ថិតក្នុងត្រកូល RZ ដដែលគឺ RZ 600e F Sport Performance ដែលត្រៀមនឹងដាក់លក់ជាផ្លូវការនៅទីផ្សារជប៉ុន ដើមខែមីនា ឆ្នាំ២០២៦ ជាមួយតម្លៃជាង ៨ម៉ឺនដុល្លារ។

គួរដឹងថា ត្រកូល RZ គឺជារថយន្តអគ្គិសនីដំបូងរបស់ Lexus ដោយម៉ូឌែលទីមួយគឺជា RZ 450e បន្ទាប់មកបញ្ចេញ RZ 300e ដែលបង្កើនចម្ងាយបើកបរជាដើម។ សម្រាប់ម៉ូឌែលថ្មីនេះ គឺផ្តោតខ្លាំងទៅលើសន្ទុះ និងកម្លាំងនៃការបើកបរ ដោយមានកម្លាំងបញ្ចូលគ្នាសរុប ៤១៩សេះ ជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ ប្រើពេល ៤,៤វិនាទី។

រថយន្តអគ្គិសនី បំពាក់អាគុយទំហំ ៧៧គីឡូវ៉ាត់ម៉ោង អាចបើកបរដល់ចម្ងាយ ៥២៥គីឡូម៉ែត្ររាល់ពេលសាកពេញ ជាមួយស្តង់ដារសាកថ្មល្បឿនលឿននៃប្រទេសជប៉ុន CHAdeMO។
ចំពោះការបញ្ចេញរថយន្តនេះ គឺមិនត្រឹមតែជាការបញ្ចេញ option ថ្មីនោះទេ ប៉ុន្តែវាក៏ជាការតំណាងឲ្យប្រេន Lexus ដែលហួសពីភាពត្រឹមតែប្រណីត ប៉ុន្តែក៏សំដៅដល់ Performance ដែរ។ ជាមួយគ្នានេះ Lexus ក៏បានធ្វើឲ្យរថយន្តនេះ កាន់តែទាក់ទាញខ្លាំងតាមរយៈយ៉ាន់កង់ Enkei alloy ពណ៌ខ្មៅទំហំ ២១អ៊ីញផងដែរ៕





















