Lexus កប់ឡាន CT 200h ចូលផ្នូរជាមួយប្រភេទពិសេស លក់ផ្ដាច់មុខនៅជប៉ុន

[ទីផ្សារបរទេស] រថយន្ត Lexus CT 200h ត្រូវបានក្រុមហ៊ុន Lexus ប្រកាសថានឹងត្រូវបញ្ចប់ការផលិតនៅខែតុលា ឆ្នាំ២០២២នេះ ក្រោយពីបានចេញលក់លើទីផ្សារអស់រយៈពេល១២ឆ្នាំ ហើយ​ជាចុងក្រោយ Lexus បានបង្ហាញចេញរថយន្ត CT ប្រភេទពិសេសឈ្មោះថា “Cherished Touring” ជាការគ្នាសម្រាប់រថយន្តនេះ។

រថយន្តប្រភេទពិសេសនេះគឺមានលក់ផ្ដាច់មុខតែនៅប្រទេសជប៉ុនប៉ុណ្ណោះ ដោយ​វា​មាន​រូបរាងខុសប្លែកពីប្រភេទធម្មតា​ត្រង់ចំណុចដែលវាប្រើប្រាស់ទឹកថ្នាំពណ៌ទឹកប្រាក់​លើ​គ្រឿង​ជាច្រើននៃរថយន្តរួមមានលើផ្ទាំងប៉ាណា, ស៊ុមនៃអំពូលកាត់អ័ព្ធ, ស៊ុមនៃកាងខាងក្រោយ រួមទាំងដំបូលដែលប្រើពណ៌ប្រភេទ Sonic Titanium ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះដែរមានប្រើប្រាស់ម៉ាស៊ីន ១,៨លីត្រ ដែលរួមគ្នជាមួយម៉ូទ័រអគ្គិសនីមួយ អាចផលិតកម្លាំងបាន ១៣៤សេះ និងប្រើប្រាស់ប្រអប់លេខ CVT ដែល​ប្រើប្រព័ន្ធបើកបរវិលកង់ខាងមុខ។

តម្លៃរបស់ CT 200h ប្រភេទនេះមានចាប់ពីប្រមាណ ៣៦ ៥០០ដុល្លារ នៅលើទីផ្សារប្រទេសជប៉ុន ខណៈដែលរថយន្ត CT 200h ធម្មតាគឺមានតម្លៃចាប់ពីប្រមាណ ៣៣ ៤៤០ដុល្លារ។

គួររំលឹកថា Lexus CT 200h បានប្រកាសចេញជាលើកដំបូងកាលពីឆ្នាំ២០១០ ដែលត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងរបស់រថយន្ត Toyota Corolla/Auris ជាមួយប្រព័ន្ធម៉ាស៊ីន Hybrid។ រថយន្តនេះអាចលក់ចេញបានប្រមាណ ៣៨ម៉ឺនគ្រឿង ក្នុងប្រទេសចំនួន៦៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម