Lexus ដណ្ដើមបានតំណែងលេខ១មកវិញ នៅទឹកដីកំណើត

ជាច្រើនឆ្នាំកន្លងមកនេះម៉ាករថយន្ត Lexus តែងតែចាញ់គូប្រកួតប្រជែងមកពីអាល្លឺម៉ង់គឺ Mercedes-Benz នៅលើទឹកដីកំណើតរបស់ខ្លួន។

យ៉ាងណាក្ដីនៅត្រីមាសទី១នៃឆ្នាំ២០២១នេះ ម៉ាករថយន្ត Lexus បានក្លាយជាម៉ាករថយន្តប្រណីតលក់ដាច់រថយន្តបានច្រើនជាងគេនៅជប៉ុន ក្រោយចំនួនលក់មានកំណើន ៨,៨% ដែលអាចលក់បានសរុប ១៦ ០៦៣គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែកបើងាកទៅមើលលទ្ធផលរបស់ Mercedes វិញឃើញថាចំនួនលក់មានការថយចុះចំនួន ៩,៣% នៅត្រីមាសទី១នៃឆ្នាំ២០២១នេះ ដែលអាចលក់រថយន្តបានសរុប ១៣ ៩៦៩គ្រឿងប៉ុណ្ណោះ។

គួររំលឹកថាកាលពីត្រីមាសទី១ឆ្នាំ២០២០ ចំនួនលក់របស់ Mercedes និង Lexus មានខុសគ្នាត្រឹមជិត ៧០០គ្រឿងប៉ុណ្ណោះ ប៉ុន្តែនៅដើមឆ្នាំនេះម៉ាករថយន្តទាំងពីរហាក់មានគម្លាតឆ្ងាយពីគ្នា។

ម៉ាករថយន្តប្រណីតដទៃទៀតដែលកាន់កាប់តំណែងបន្តបន្ទាប់រួមមាន BMW, Audi, Volvo និង Porsche។ ចំណែកម៉ាករថយន្តប្រណីតរបស់ជប៉ុនដទៃទៀតមានដូចជា Acura និង Infiniti មិនឃើញមានវត្តមានលើតារាងកំពូលឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម