[ទីផ្សាររថយន្តបរទេស] Lexus បាននិយាយអំពីគម្រោងនៃការផ្លាស់ប្ដូរផ្នែកខាងក្រោយរថយន្តរបស់ខ្លួន ដោយផ្លាស់ប្ដូរពីការប្រើប្រាស់ឡូហ្គោអក្សរ “L” បិតជាប់ផ្នែកខាងក្រោយនៃរថយន្ត ជំនួសមកដាក់ឈ្មោះពេញរបស់ខ្លួនវិញម្ដង។
Brian Bolain ដែលមានតួនាទីជាប្រធានផ្នែកទីផ្សារសកលរបស់ Lexus បានប្រាប់ដល់សារព័ត៌មាន Motor Trend កាលពីថ្មីៗនេះថា និន្នការនៃការផ្លាស់ប្ដូរនេះបានបង្ហាញចេញលើកដំបូងជាមួយរថយន្ត NX ស៊េរីឆ្នាំ២០២២ ហើយវានឹងក្លាយជាជម្រើសឌីហ្សាញថ្មីមួយសម្រាប់ម៉ាក Lexus។
ប្រធានផ្នែកទីផ្សាររូបនេះបាននិយាយថារថយន្ត Lexus LX ជំនាន់ថ្មីនឹងជារថយន្តបន្ទាប់ដែលនឹងសរសេរឈ្មោះ Lexus ជំនួសឲ្យការបិតឡូហ្គោ Lexus នៅផ្នែកខាងក្រោយ។
គួរដឹងការផ្លាស់ប្ដូរទៅកាន់និន្នការសរសេរអក្សរចំៗនេះ ត្រូវបានក្រុមហ៊ុនជាច្រើនបានអនុវត្តន៍រួចមកហើយនាពេលកន្លងមក ដែលរួមមានរថយន្ត Range Rover ជំនាន់ថ្មី, រថយន្ត Jeep Grand Wagoneer, GMC Hummer និងរថយន្តដទៃទៀត។
បន្ថែមពីនេះដែរ Lexus ក៏ងាកផ្ដោតលើការដុសខាត់ប្រព័ន្ធកម្សាន្តលើរថយន្តរបស់ខ្លួនផងដែរ ដោយក្រុមហ៊ុន Lexus ជាមួយ Toyota បានបណ្ដាក់ទុនរាប់លានដុល្លារក្នុងប្រព័ន្ធកម្សាន្តបែប Touch ថ្មីដែលងាយស្រួលប្រើប្រាស់ និងងាយភ្ជាប់គ្នាជាមួយ Apple CarPlay និង Android Auto៕