Lexus បានបញ្ចេញរូបភាពដំបូងនៃត្រកូល NX ស៊េរីថ្មីឆ្នាំ ២០២២ មុនការបង្ហាញជាផ្លូវការរបស់ម៉ូឌែលនេះនៅថ្ងៃទី១១ ខែមិថុនា។ រូបភាពត្រកូល Lexus NX ស៊េរីឆ្នាំ២០២២ នោះ ផ្តោតសំខាន់ទៅលើផ្នែកខាងក្រោយនៃរថយន្តប្រភេទ SUV ប្រណីត ធុនតូចថ្មីដែលបង្ហាញពីរបារអំពូល LED មួយខ្សែលាតសន្ធឹងពេញនៃចង្កៀងក្រោយ។ ទោះជាយ៉ាងណា តាមពិតទៅយើងធ្លាប់បានឃើញរូបរាងរបស់ម៉ូដែលនេះ កាលពីដើមឆ្នាំរួចទៅហើយ។ ម៉ូដែលថ្មីរបស់ក្រុមហ៊ុនរថយន្តប្រណីតបែប SUV នេះបានរំលេចរូបរាងកាន់តែទាក់ទាញ និងកាន់តែលេចធ្លោរនៅការរចនាផ្នែកខាងមុខដោយឡូហ្គូ Lexus ខណ្ឌចែកចង្កៀង និងអំពូលបំភ្លឺពេលថ្ងៃ DRLs កាន់តែស៊ីវីល័យ។
ទោះជាយ៉ាងណា យើងក៏មិនទាន់បានទទួលព័ត៌មានច្រើន ទាក់ទងនឹងម៉ូដែលថ្មី NX ២០២២ នេះដែរ ប៉ុន្តែបើតាមពាក្យចចាមអារ៉ាម និងរបាយការណ៌ពីមុនបាននិយាយថា ម៉ូដែលថ្មីនេះ នឹងប្រើប្រាស់គ្រោងឆ្អឹងថ្មីរបស់ក្រុមហ៊ុនមេ Toyota ផ្តោតលើប្រណីតភាព Toyota’s Global Luxury Platform។ គេរំពឹងថាវានឹងមានប្រភេទម៉ាស៊ីនកូនកាន់ហាយព្រីត កម្លាំង ៣០២សេះ ពីរថយន្ត Toyota RAV4 Prime ជាមួយគ្នានឹងប្រភេទទាបម៉ាស៊ីន ២,៥លីត្រ ស៊ីឡាំង ៤ និងអាចមានជម្រើសម៉ាស៊ីន ៣,៥លីត្រ ស៊ីឡាំង ៦ សម្រាប់ប្រភេទដែលបានចុះឈ្មោះអាជ្ញាប័ណ្ណ NX350 និង NX350h។
អ្វីដែលយើងធ្លាប់បានឃើញនោះ នៅផ្នែកខាងក្នុងរបស់វា គឺជាការរួមបញ្ចូលគ្នានៃអេក្រង់ឌីជីថល និងអេក្រង់កំសាន្តទំហំយ៉ាងធំ។ រថយន្ត Lexus NX ស៊េរីថ្មីនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី១១ ខែមិថុនា វេលាម៉ោង ១១យប់ នាឡិការ EDT (ចូលថ្ងៃទី១២ ខែមិថុនា ម៉ោង ១០ព្រឹកនៅកម្ពុជា)។ អញ្ចឹងកុំភ្លេចរង់ចាំមើលទាំងអស់គ្នា។