Lexus បង្ហាញវិធីថែទាំថ្នាំឡានពណ៌គ្រើម មិនងាយស្រួលដូចគិតទេ

ថ្មីៗនេះ Lexus បាន​បញ្ចេញ​ម៉ូដែល​ពិសេស​ចំនួន ២ គឺ RC F និង GS F ដែល​មាន​ពណ៌​ប្រផេះ​គ្រើម Matt Mercury Grey ហើយវាជា​លើក​ទី ១ ដែល​ក្រុមហ៊ុន Lexus បាន​ផ្តល់​ជម្រើស​ពណ៌​គ្រើម។

Lexus ក៏បាន​សម្រេចចិត្ត​បង្ហាញ​អំពី​របៀប​ថែទាំ​រថយន្តដែល​មានពណ៌​គ្រើម​បែប​នេះ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​លែង​ចង់​បាន​តែម្តង។ ជា​ការ​ពិត​ណាស់ រថយន្ត​​ពណ៌​គ្រើម ទាមទារ​ឲ្យ​មាន​ការ​ថែទាំ​ច្រើន ខុស​ពី​រថយន្ត​ដែល​មាន​ពណ៌​រលោង​ធម្មតា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បាន​ពន្យល់​ថា ពណ៌​គ្រើម​កើត​ឡើង​ពី​ការ​បាញ់​ថ្នាំ​ចំនួន ៤ ដំណាក់​កាល។ ដោយសារតែ​ពណ៌​គ្រើម​មាន​ភាព​ខុស​ប្លែក​ពី​ពណ៌​រលោង ដូច្នេះ​វា​ងាយ​នឹង​ជាប់​ធូលី​ដី ហើយ​ត្រូវ​ការ​លាង​សម្អាត​ដោយ​ប្រុងប្រយ័ត្ន និង​ញឹកញាប់​ទៀត​ផង។

Lexus បាន​ណែនាំ​ទៀត​ថា សារធាតុ​ដែល​ប្រើ​ក្នុង​ការ​លាង​សម្អាត​រថយន្ត ត្រូវ​លាង​ចេញ​ភ្លាមៗ ដើម្បី​កុំ​ឲ្យ​ពួក​វា​ជាប់​នៅ​លើ​ផ្ទៃ​ពណ៌ ដែល​បង្ក​ឲ្យ​កាន់​តែ​ពិបាក​លាង​សម្អាត​ចេញ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ក៏​មិន​អាច​ប្រើ​គ្រឿងលាង​សម្អាត​ធម្មតា​បាន​ដែរ។ ចំណែក​ឯ​ថ្នាំ​កូត និង​ថ្នាំ​ប៉ូលា ដែល​ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​ការពារ​ថ្នាំ​រថយន្ត ក៏​មិន​អាច​ប្រើ​ជាមួយ​ពណ៌​គ្រើម​បាន​ដែរ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ពណ៌គ្រើម​រលោង​ជាង​មុន។

Lexus បាន​លម្អិត​បន្ថែម​នូវ​ចំណុច​សំខាន់​មួយ​ចំនួន​ទៀត ដូច​ជា ត្រូវ​ចត​រថយន្ត​ដោយ​មាន​គម្រប​គ្រប , លាង​សម្អាត​វា​ដោយ​ដៃ និង​ប្រញាប់​សម្ងួត​វា​វិញ ដើម្បី​កុំ​ឲ្យ​ជាប់​ទឹក ជា​ដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម