នៅថ្ងៃទី២៩ ខែតុលានេះ ប្រទេសជប៉ុន បានចាប់ផ្តើមរៀបចំពិព័រណ៌យានយន្តដ៏ធំ Japan Mobility Show 2025 ក្នុងនោះ Lexus បានបញ្ចេញរថយន្តគំរូ និងមធ្យោបាយធ្វើដំណើរថ្មី ដែលសុទ្ធតែជាត្រកូល LS ជាអក្សរកាត់នៃពាក្យ Luxury Space ចំនួន៣រួមមាន៖ LS Concept, LS Coupe និង LS Micro។

១. Lexus LS Concept
សម្រាប់ Concept រថយន្តវ៉ែននេះ ត្រូវបាន Lexus បង្ហើបឲ្យដឹងរួចមកហើយកាលពីដើមខែកន្លងទៅ គ្រាន់តែមិនបានបង្ហាញរូបរាងច្បាស់ ដែលវាខុសប្លែកពីគេ ត្រង់វាមានកង់៦ តែនេះគឺជាលក្ខណៈពិសេសមួយធ្វើឲ្យការឌីហ្សាញផ្នែកខាងក្នុង កាន់តែល្អប្រសើរឡើង។ កៅអីអ្នកដំណើរផ្នែកខាងក្រោយ បំពាក់មុខងារពិសេសៗ ទ្វារស្លាយទាំងសងខាង និងមានដំបូលកញ្ចក់ទាំង២ផ្ទាំងគ្របទាំងខាងមុខ និងខាងក្រោយ។ នៅផ្នែកកាប៊ីន ដៃចង្កូតឌីហ្សាញដូចចង្កូតយន្តហោះ និងមានអេក្រង់ធំកោងនៅចំពីមុខ ព្រមទាំងកុងតាក់បញ្ជាបើកម៉ាស៊ីនត្រជាក់ ចាក់ចម្រៀង និងបើកទ្វារជាដើម។





២. Lexus LS Coupe Concept
បើនិយាយពីរថយន្តបែបស៊ីដេនវិញ Lexus បានកំពុងបញ្ចប់ជីវិតត្រកូល LS ទៅហើយ ប៉ុន្តែពេលនេះ LS បានរស់ឡើងវិញជាមួយ Concept រថយន្តថ្មីដែលជាប្រភេទ Coupe។ គំរូរថយន្តនេះ ក៏ហាក់ដូចជាប្លែកព្រោះវាមានទ្វារដល់ទៅ៤ ខុសពីរថយន្ត Coupe ទូទៅ ដែលមានទ្វារ២ប៉ុណ្ណោះ។ Lexus នៅតែរក្សាការឌីហ្សាញផ្នែកខាងមុខបែប Spindle Grile ដដែល រំលេចដោយអំពូល Day time running light សងខាង ចាប់ពីចង្កៀងចុះមកដល់កាងខាងក្រោម។ ផ្នែកខាងក្នុង វាមានកៅអី៤ ដោយអ្នកអង្គុយខាងក្រោយ មានអេក្រង់ថាច់ស្គ្រីនប្រើប្រាស់ផ្ទាល់ខ្លួន។ ផ្នែកកាប៊ីនវិញ ដៃចង្កូតក៏ធ្វើជាមួយកំណាត់ផងដែរ និងមានអេក្រង់ទាំងសងខាង។



៣. Lexus LS Micro Concept
វាជាគំរូយានយន្តចល័តស្វ័យប្រវត្តិតូចកង់៣ មានកៅអីតែមួយប៉ុណ្ណោះ ដែលអាចឲ្យម្ចាស់យានយន្តនេះចូលដល់គ្រប់កន្លែង ដែលរថយន្តមិនអាចចូលបាន។ វាត្រូវបានឌីហ្សាញដូចរថយន្តគំរូ Lexus ខាងលើដែរ ដែលបំពាក់កៅអី business class មានកន្លែងដាក់ដៃ និងដាក់ដបទឹក ជាដើម។ នៅកញ្ចក់ផ្នែកខាងមុខ គឺមានបង្ហាញព័ត៌មានផ្សេងៗតែម្តង ដោយរួមមានទាំងទិន្នន័យផ្លូវធ្វើដំណើរផងដែរ៕



















