ក្រុមហ៊ុន Lexus បានធ្វើការបញ្ចេញនូវរូបភាព និងវីដេអូខ្លីនៃរថយន្ត SUV អគ្គិសនី RZ ឆ្នាំ២០២៣ ជាលើកដំបូង បន្ទាប់ពី Lexus បានចុះឈ្មោះកម្មសិទ្ធិបញ្ញា សម្រាប់ឈ្មោះ RZ 450e កាលពីជាងមួយឆ្នាំមុន។
យោងតាមក្រុមហ៊ុន Lexus រថយន្ត RZ ត្រូវបានផលិតឡើង ដើម្បីផ្តល់នូវបទពិសោធន៍នៃការបើកបរដ៏មិនគួរអោយជឿ ដែលបង្ហាញអំពីអត្ថន័យនៃការកំណត់ស្តង់ដារថ្មី សម្រាប់ការបើកបររថយន្តប្រភេទ BEV(Battery-Powered Electric Vehicle) ដែលរួមបញ្ជូលគ្នានូវកម្រិតផាសុកភាពរបស់ Lexus ជាមួយថាមពលដ៏អស្ចារ្យ។
សម្រាប់ RZ ជារថយន្តដំបូងរបស់ Lexus ដែលនឹងត្រូវផលិតឡើងជាមួយការប្រើប្រាស់នូវគ្រោងឆ្អឹង e-TNGA ដូចគ្នានឹងរថយន្តអគ្គិសនី bZ4X និងរថយន្តអគ្គិសនី Solterra របស់ Subaru។
ស្របគ្នានេះដែរ ក្រុមហ៊ុន Lexus ពុំទាន់បញ្ចេញនូវព័ត៌មានលម្អិតនៃរថយន្ត RZ នេះនៅឡើយ ប៉ុន្តែសម្រាប់គំរូរថយន្ត LF-Z មានថាមពលសរុបរហូតដល់ ៥៣៦សេះ និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៣វិនាទី។ បន្ទាប់ពី Lexus បានបញ្ជេញនូវរូបភាព និងវីដេអូខ្លី គេរំពឹងថារថយន្តនេះនឹងបង្ហាញខ្លួននៅអាគាតាំងបង្ហាញរថយន្តរបស់ Lexus មុនដំណាច់ឆ្នាំ២០២២ ជាមួយប្រកួតប្រជែង Tesla Model Y, Audi e-tron, Genesis GV60 និង Mercedes-Benz EQC ផងដែរ៕