[ទីផ្សារបរទេស] មានក្រុមហ៊ុនរថយន្តជាច្រើនបានបោះបង់រថយន្តប្រភេទ Sedan និង Coupe ប៉ុន្តែអនាគតរថយន្តអគ្គិសនីរបស់ Lexus នឹងមានចម្រុះដោយរថយន្តច្រើនប្រភេទ បន្ថែមពីលើរថយន្តតួខ្ពស់ប្រភេទ SUV។
លោក Spiros Fotinos អ្នកចាត់ការប្រចាំក្រុមហ៊ុន Lexus Europe បាននិយាយថាក្រុមហ៊ុននឹងមិនបោះបង់រថយន្តប្រភេទណាមួយចេញពីសែស្រឡាយរថយន្តអនាគតនោះឡើយ។ នេះបើផ្អែកតាមការលើកឡើងរបស់លោកក្នុងកិច្ចសម្ភាសន៍ជាមួយ Autocar។
រថយន្តអគ្គិសនីដំបូងរបស់ Lexus គឺរថយន្តអគ្គិសនីនៃម៉ូដែល UX និងក្រោយមកមានជារថយន្ត RZ 450e ជាម៉ូដែលថ្មីទាំងស្រុងដែលផលិតផ្អែកលើគ្រោងឆ្អឹង e-TNGA របស់ Toyota។ ត្បិតថារថយន្តទាំងពីរសុទ្ធតែជាប្រភេទ SUV ប៉ុន្តែរថយន្តអគ្គិសនីអនាគត នឹងមានច្រើនជម្រើស មិនមានតែប្រភេទដែលពេញនិយមនោះទេ។
លោក Spiros ក៏បានរំលឹកដល់រថយន្ត concept ច្រើនប្រភេទដែលក្រុមហ៊ុនបានបង្ហាញចេញកាលពីខែធ្នូ ឆ្នាំ២០២១ ដែលជាការបង្ហាញអំពីប្រភេទរថយន្តអគ្គិសនីអនាគតរបស់ក្រុមហ៊ុន។ ក្នុងនោះមានតាំងពីរថយន្តតួទាប រថយន្តតួខ្ពស់ រថយន្តតួទាបបើកដំបូល រថយន្តស្ព័រ និងមានជារថយន្ត SUV ខ្នាតធំមួយផងដែរ។
គួរដឹងថា Lexus មានផែនការចង់ក្លាយជាម៉ាករថយន្តអគ្គិសនីសុទ្ធនៅអឺរ៉ុប នៅអាមេរិកខាងជើង និងនៅប្រទេសចិន ដែលចង់សម្រេចឲ្យបានត្រឹមឆ្នាំ២០៣០ ហើយនៅឆ្នាំ២០៣៥ ចង់សម្រេចផែនការនេះជាលក្ខណៈសកលលោកតែម្ដង៕