កាលពីខែ កុម្ភះ កន្លងទៅ ក្រុមហ៊ុន Lexus បានប្រកាសចេញនូវរថយន្ត IS 500 F Sport Performance សេរ៊ីឆ្នាំ ២០២២ ជាផ្លូវការ។ នាពេលនេះ Lexus ក៏បានប្រកាសចេញ ម៉ូឌែលពិសេសនៃ Lexus IS 500 ឈ្មោះថា Launch Edition។ រថយន្តនេះមានឈ្មោះពេញថា Lexus IS 500 F Sport Performance Launch Edition ហើយផលិតមានកំណត់ត្រឹម ៥០០ គ្រឿងប៉ុណ្ណោះ។
ចំណុចសំខាន់ដែលខុសគ្នារវាង Launch Edition ជាមួយម៉ូឌែលធម្មតានោះគឺ ពណ៌ទឹកថ្នាំលាបនៃរថយន្ត វាបានលាបជាពណ៌ប្រផេះ ឬ Cement gray និងបានទទួលកាឌីស្សាញអោយកាន់តែស្ព័របន្ថែមទៀត ទៅលើប៉ាណាពណ៌ខ្មៅ, កាងមុខ-ក្រោយ ពណ៌ខ្មៅ, រន្ធបញ្ចេញខ្យល់ក្លែងក្លាយ, ចង្កៀងក្រោយ LED, ស៊ីម៉ាំងភ្លោះ ២គូ និងថាសកង់ Forged alloy ទំហំ ១៩អ៊ីញ ដែលស្រាលជាងប្រភេទធម្មតា ១,៨គីឡូក្រាម ។
រីឯភាពខុសគ្នាផ្នែកខាងក្នុងវិញ Launch Edition បានលេងខ្លួនជា ២ពណ៌គឺពណ៌ខ្មៅ និងប្រផេះ។ ហើយកៅអីរបស់វាបានប្រើប្រាស់ជាមួយស្បែក និងកាំម្ញី ព្រមទាំងប្រព័ន្ធសុវត្តិភាព Lexus Safety System + 2.5 និងមានលោតបង្ហាញនូវវិដេអូចលនា ពេលដំណើរការម៉ាស៊ីនរថយន្ត។
រថយន្ត Lexus IS 500 F Sport Performance Launch Edition បំពាក់ជាមួយម៉ាស៊ីនចំណុះ ៥,០លីត្រ Naturally Aspirated ទំហំ ៨ស៊ីឡាំង ផលិតកម្លាំង ៤៧២សេះ និងមានកម្លាំងរមួល ៥៣៦ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងអាចរត់ស្ទុះពីល្បឿនកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី។
ស្រដៀងទៅនិងប្រភេទធម្មតា Lexus IS 500 F Sport Performance ដែរ Launch Edition នៅពុំទាន់ប្រកាសតម្លៃនៅឡើយទេ ដោយគេរំពឹងថារថយន្តនឹងចេញលក់ចាប់ពីខែកញ្ញានេះ៕