[ទីផ្សារបរទេស] គ្រប់ក្រុមហ៊ុនរថយន្តទាំងអស់កំពុងតែផ្ដោតលើការបង្កើតរថយន្តអគ្គិសនី ដោយមានភាគច្រើនកំពុងតែលក់ដាច់ ខណៈដែលខ្លះទៀតលក់មិនសូវដាច់ប៉ុន្មានឡើយ ជាក់ស្ដែងដូចជា Lexus ជាដើម។
កាលពីឆ្នាំ២០២១ ក្រុមហ៊ុន Lexus អាចលក់រថយន្តបានចំនួន ២៦ម៉ឺនគ្រឿង ជាតួលេខខ្ពស់មិនធ្លាប់មាន ប៉ុន្តែក្នុងនោះក៏មានរាប់បញ្ចូលរថយន្ត Hybrid និងរថយន្ត PHEV ផងដែរ។ ដោយឡែក UX 300e ដែលជារថយន្តអគ្គិសនីសុទ្ធតែមួយគត់របស់ក្រុមហ៊ុន អាចលក់ចេញបានត្រឹម ៥ ៨០០គ្រឿង ដែលស្មើមិនដល់១%នៃការលក់របស់ Lexus សរុបលើសកលលោកប្រចាំឆ្នាំ២០២១។
កន្លងមក Lexus ធ្លាប់បានប្រកាសអំពីគោលដៅលក់រថយន្តអគ្គិសនីសុទ្ធឲ្យបាន ១លានគ្រឿងនៅត្រឹមឆ្នាំ២០៣០ ហើយនឹងផ្លាស់ខ្លួនទៅជាក្រុមហ៊ុនរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ២០៣៥។ ប៉ុន្តែផ្អែកតាមលទ្ធផលឆ្នាំ២០២១ Lexus ទំនងជាត្រូវចំណាយខ្លាំងដើម្បីគោលដៅនេះបាន។
គួរដឹងថារថយន្តអគ្គិសនីសុទ្ធម៉ូដែលថ្មីរបស់ Lexus គឺ RZ 450e គ្រោងនឹងបង្ហាញវត្តមាននៅក្នុងអំឡុងឆ្នាំ២០២២នេះ ខណៈដែលការលក់ត្រូវបានប៉ាន់ស្មានថានឹងចាប់ផ្ដើមនៅដើមឆ្នាំ២០២៣។ ក្រោយពីនេះក៏នឹងមានរថយន្តអគ្គិសនីប្រភេទស្ព័រ, រថយន្តអគ្គិសនី Sedan និងរថយន្តអគ្គិសនី SUV ដែលនឹងលេចមុខជាបន្តបន្ទាប់ផងដែរ៕