ខណៈពេលដែល Lexus ត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជា “ម៉ាកប្រណីតលំដាប់ថ្នាក់ពិភពលោក” មិនមែនគ្រប់គ្នាសុទ្ធតែយល់ឃើញថាក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ មានឥទ្ធិពលដូចគ្នានឹងម៉ាកប្រណីតរបស់អឺរ៉ុបនោះទេ។ ទោះបីជាមានការលក់រថយន្តដាច់ខ្លាំងនៅសហរដ្ឋអាមេរិកក្តី ប៉ុន្តែការចូលចិត្តប្រើប្រាស់រថយន្តម៉ាស៊ូតនៅអឺរ៉ុប បានរារាំងដល់ភាពជោគជ័យរបស់ Leuxs នៅទីនោះ។
ផ្ទុយទៅវិញ ការធ្លាក់ចុះនៃការលក់រថយន្តម៉ាស៊ូតនៅអឺរ៉ុបបច្ចុប្បន្ន ប្រហែលជាអាចផ្តល់ឱកាសសម្រាប់ រថយន្ត Lexus ដើម្បីបង្កើនចំណែកទីផ្សាររបស់ខ្លួន តាមរយៈរថយន្ត Hybrid។ យោងតាមគេហទំព័រ Autocar បានឲ្យដឹងថា ក្រុមហ៊ុន Lexus រំពឹងថានឹងដាក់បង្ហាញរថយន្ត SUV ថ្មីសន្លាងរបស់ខ្លួន ម៉ូដែល UX ដែលអាចនឹងក្លាយជារថយន្តលក់ដាច់បំផុតមួយនៅចក្រភពអង់គ្លេស។
គួរឲ្យដឹងថា ក្រុមហ៊ុន Lexus បានលក់រថយន្តដាច់ជិត ៣០០ ០០០ គ្រឿងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៨ ប៉ុន្តែលក់បានត្រឹម ១២ ៤០៥ គ្រឿងប៉ុណ្ណោះនៅចក្រភពអង់គ្លេស។ មិនតែប៉ុណ្ណោះ សូម្បីតែការលក់រថយន្តនៅអឺរ៉ុបទាំងមូល គឺបានត្រឹមតែជាង ៤៦ ០០០ គ្រឿងប៉ុណ្ណោះ។
អរគុណដល់ម៉ូដែល UX ក្រុមហ៊ុន Lexus រំពឹងថា ការលក់របស់ខ្លួននៅចក្រភពអង់គ្លេស នឹងកើនឡើង ២០ ភាគរយ ស្មើនឹង ១៤ ០០០ គ្រឿង ខណៈវាស្ថិតនៅក្នុងផែនការដ៏ធំរបស់ក្រុមហ៊ុនជប៉ុននេះ ដើម្បីលក់រថយន្តរបស់ខ្លួនឲ្យបាន ១០០ ០០០ គ្រឿងក្នុងមួយឆ្នាំនៅអឺរ៉ុប។
សូមបញ្ជាក់ថា ក្រុមហ៊ុន Lexus នឹងដាក់លក់ម៉ូដែល UX 250h ដែលដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយនឹងប្រព័ន្ធ Hybrid ដែលបង្កើតកម្លាំងបាន ១៧៦ សេះ៕