ក្រុមហ៊ុន Lexus Japan បានប្រកាសចេញរថយន្ត IS ឆ្នាំ២០២២ ម៉ូដែលពិសេសថ្មីចំនួន ២ ទៀត គឺ F-Sport Mode Black S និង F Sport Mode Glitter សម្រាប់ត្រកូល IS300 និង IS350។ ម៉ូដែលថ្មីទាំងពីរនេះសន្យាថានឹងផ្តល់នូវបិទពិសោធន៍បើកបរកាន់តែប្រសើរ ហើយនឹងចេញលក់នៅក្នុងប្រទេសជប៉ុន នាខែតុលាខាងមុខនេះតែម្តង។
គួរឲ្យដឹងថា ម៉ូដែល F Sport Mode Black S ថ្មីនេះ គឺជាអ្នកស្នងតំណែងពី JDM F Sport Mode Black ហើយផ្អែកតាមម៉ូដែល IS 350, IS 300h ឬ IS 300 F-Sport។ រថយន្តម៉ូដែលពិសេសនេះមានបំពាក់យ៉ាន់ forged aluminum ទម្ងន់ស្រាល ដែលចូលរួមសហការណ៍ផលិតជាមួយក្រុមហ៊ុន BBS ហើយមានការលេងស្ទីលផ្នែកខាងក្រៅ ដូចជា គម្របកញ្ចក់ចំហៀងពណ៌ខ្មៅ និង ស៊ុមកញ្ចក់ពណ៌ខ្មៅ ជាដើម។
ចំណែកឯផ្នែកខាងក្នុងវិញ ម៉ូដែល F Sport Mode Black S ក៏មានបំពាក់ពូកស្បែក, កុងទ័រ F Sport TFT LCD ទំហំ ៨អ៊ីញ, កៅអីក្រោយមានពោងចំហៀង SRS ហើយកៅអីអ្នកបើកបរមាន Memory Seat។ គួរឲ្យដឹងថា រថយន្ត Lexus IS 350 F Sport Mode Black ដែលជាម៉ូដែលកប់បំផុត នឹងមានតម្លៃខ្ទង់ ៦៤ ០០០ដុល្លារ នៅក្នុងប្រទេសជប៉ុន។
ដោយឡែក ចំពោះម៉ូដែល F Sport Mode Glitter វិញ មានបំពាក់យ៉ាន់ aluminum ១៩អ៊ីញ ពណ៌ខ្មៅ, កញ្ចក់ចំហៀងអូតូពណ៌ខ្មៅ និងស៊ុមកញ្ចក់ពណ៌ខ្មៅ ផងដែរ។ ចំណែកឯកាប៊ីនខាងក្នុងវិញ វាមានបំពាក់ឈើ Ash Wood, កៅអីមុខពណ៌ក្រហមលាយខ្មៅ មានបញ្ចេញខ្យល់ត្រជាក់ ហើយកៅអីអ្នកបើកបរមាន Memory Seat។ ម៉ូដែលនេះនឹងមានតម្លៃខ្ទង់ ៦២ ១៥០ដុល្លារ។
រថយន្ត Lexus IS 350 F Sport បំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១១សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៦វិនាទី និងប្រើប៉ុងមួយវិលកង់ក្រោយ៕