Lexus IS-F ប្រើម៉ាស៊ីន Twin-Turbo V8 ទំនងជាអាចកើតឡើង

បច្ចុប្បន្ននេះ ក្រុមហ៊ុន Toyota មិនសូវជាផ្តោតខ្លាំងទៅលើរថយន្តពពួកម៉ាស៊ីន V8 ដូចមុននោះទេ។ ជាក់ស្តែង រថយន្ត Lexus LS ឥឡូវនេះមានលក់តែប្រភេទម៉ាស៊ីន V6 ប៉ុណ្ណោះ ខណៈរថយន្ត Toyota Tundra ជំនាន់ថ្មី មានពាក្យចចាមអារ៉ាមថា នឹងបោះចោលម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 ហើយប្រើម៉ាស៊ីន Twin-Turbo V6 ជំនួសវិញ។

ទោះជាយ៉ាងណាក៏ដោយ ដំណឹងអំពីម៉ាស៊ីន Twin-Turbo V8 បំពាក់លើរថយន្តប្រភេទ Performance របស់ Lexus អាចនឹងកើតឡើង ខណៈពេលដែលភ័ស្តុតាងត្រូវបានគេរកឃើញ នៅក្នុងប៉ាតង់មួយ ដែលបានចុះក្នុងឆ្នាំ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា Toyota បានចុះប៉ាតង់នៅក្នុងខែកញ្ញា ឆ្នាំ២០២០ ដែលបង្ហាញឲ្យឃើញពីរូបរាងម៉ាស៊ីន V និង Turbochargers ចំនួន ២។

ថ្វីបើការចុះប៉ាតង់ មិនបានធានាថា Toyota នឹងផ្តល់ជម្រើសម៉ាស៊ីននេះលើរថយន្តរបស់ខ្លួនក្តី ប៉ុន្តែវាទំនងជាអាចបង្ហាញខ្លួនលើរថយន្ត Lexus ប្រភេទ Performance ដូចជា LS F, LC F និង IS F ដែលស្ថិតក្នុងពាក្យចចាមរ៉ាមជាយូរមកហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម