Lexus LBX ស៊េរីឆ្នាំ ២០២៤ ប្រើ hybrid ចេញតម្លៃលក់ជាផ្លូវការ ជាមួយតម្លៃលក់ចាប់ពី ៥ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត Lexus LBX ប្រភេទ Crossover ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ hybrid  មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៥៣ ៣១៤ ដុល្លារ ដល់ ៥៧ ៦៣០ ដុល្លារនៅទីផ្សារតំបន់អឺរ៉ុប គ្រោងនឹងចេញលក់នៅខែកុម្ភៈ ឆ្នាំ ២០២៤ ។

Lexus LBX ផលិតឡើងនៅលើគ្រោងឆ្អឹង GA-B platform មានប្រវែងតួខ្លួនសរុប ៤ ១៩០ ម.ម ទទឹង ១ ៨២៥ ម.ម កពស់ ១ ៥៤៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៥៨០ ម.ម និងត្រូវបានឌីស្សាញស្របការរចនាយុគសម័យថ្មីរបស់ Lexus ដោយផ្នែកខាងមុខមានបំពាក់ប៉ាណារាងជាសំបុកឃ្មុំគ្មានស៊ុម ដែលជំនួយដល់ប្រព័ន្ធ aerodynamic យ៉ាងមានប្រសិទ្ធភាព ចង្កៀងមុខ bi-beam LED រាងស្រួចនៅគែមគម្របម៉ាស៊ីន ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងក្រោយរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង តុបតែងកាន់ប្រណិត និងពោរពេញដោយបច្ចេកវិទ្យា មានបំពាក់នៅគ្រឿងបិរក្ខាគុណភាពខ្ពស់ ដោយ នៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩,៨ អ៉ីញស្របទៅនឹងកុងស៊ូលកណ្តាល ភ្ជាប់ដោយប្រព័ន្ធ Lexus Link Connect ដែលអាចប្រើបានជាមួយ Apple CarPlay/Android Auto និងប្រព័ន្ធ OTA ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ និងឧបករណ៍បំពងសំលេងម៉ាក Mark Levinson ចំនួន ១៣ ចំនុច។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ជាស្តង់ដារផងដែរ ។

ទាក់ទឹងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្កួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេស និងកម្លាំងរមួល ១៨៥ ញ៉ូតុបម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ E-CVT សម្រាប់ម៉ូដែលប៉ុង២ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៤-៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម