នៅក្នុងទីផ្សារប្រទេសចិន រថយន្ត Lexus LM ប្រភេទប្រណីតផុតលេខបំផុតមានតម្លៃរហូតដល់ ១,៤៦៦លានយ័ន ដែលស្មើប្រមាណ ២១៥ ០០០ដុល្លារ ដែលប្រភេទប្រណីតផុតលេខគឺប្រភេទមានកៅអីអង្គុយចំនួនបួន មានទីធ្លាខាងក្នុងធំទូលាយ។
ដោយឡែកបើងាកទៅមើលប្រភេទ ៧កៅអីវិញគឺមានតម្លៃ ១,១៦៦លានយ័ន ដែលស្មើប្រមាណ ១៧០ ៧២២ដុល្លារ ធូរថ្លៃជាងប្រភេទ ៤កៅអី ប្រមាណជាង ៤ម៉ឺនដុល្លារ។
គួរដឹងថានៅខាងក្នុង Lexus LM ប្រភេទ ៤កៅអី មានកៅអីអ្នកដំណើរខាងក្រោយដែលអាចបត់បែនបានតាមចិត្ត និងមានស្រោបដោយសាច់កំណាត់ទន់ល្មើយបំផុត។ កៅអីអ្នកដំណើរខាងក្រោយ និងកៅអីជួរខាងមុខ មានខណ្ឌចែកគ្នាដោយជញ្ជាំងមួយ ដែលផ្ដល់ភាពឯកជនពេញទីដល់អ្នកដំណើរក្រោយ ហើយជញ្ជាំងដែលខណ្ឌចែកនេះដែរគឺមានបំពាក់នូវអេក្រង់ទំហំ ២៦អ៊ីញ និងកន្លែងសម្រាប់ដាក់កែវផងដែរ។
បន្ថែមពីនេះនៅប្រឡោះកណ្ដាលនៃកៅអីអង្គុយជួរទីពីរ គឺមានឧបករណ៍សម្រាប់បញ្ជាគ្រប់មុខងារលើរថយន្តតែម្ដង ហើយវាក៏មាននូវទូត្រជាក់មួយដែលមានទំហំធំល្មមសម្រាប់ដាក់ស្រាសាំប៉ាញបានពីរដប។
នៅប្រទេសចិនគឺមានលក់តែប្រភេទ LM 300h ប៉ុណ្ណោះ ដែលវាប្រើប្រាស់ម៉ាស៊ីន Hybrid មានផ្សំឡើងដោយម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ ដែលផលិតកម្លាំងបានសរុប ១៦១សេះ៕