
[បរទេស] វាមានរយៈពេលជាង ៣ទស្សវត្សរ៍ហើយចាប់តាំងពី Toyota បានបង្ហាញចេញ Lexus LS នៅកំឡុងឆ្នាំ១៩៨៩ ជាមួយម៉ូឌែលដំបូង LS 400 និងជាម៉ូឌែលឆ្នាំ១៩៩០ ដែលបង្ហាញថាអ្នកមិនចាំបាច់ត្រូវការតែរថយន្តរបស់អាល្លឺម៉ង់ ដើម្បីបានរថយន្តប្រណិតនោះ។ ប៉ុន្តែគួរអោយស្តាយរថយន្តនេះមិនអាចរក្សាជីវិតអោយបានយូរ ដោយចូលដល់ម៉ូឌែលឆ្នាំ២០២៦ វាជាឆ្នាំដែលរថយន្ត Sedan ប្រណិតខ្នាតពេញមួយនេះត្រូវលាទីផ្សារសហរដ្ឋអាមេរិចហើយ។
សម្រាប់ហេតុផលនៃការលានេះ ដោយសារតែការលក់បានធ្លាក់ចុះ ដោយគិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥នេះ រថយន្តនេះលក់បានតែចំនួន ៦៩១គ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ ៤២,៣ភាគរយ បើធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែមុននឹងលាគ្នា Lexus ក៏បានបញ្ចេញនូវម៉ូឌែលពិសេស LS Heritage Edition 2026 សម្រាប់ជាកាដូ ដែលផលិតត្រឹម ២៥០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារសហរដ្ឋអាមេរិច ជាមួយតម្លៃ ៩៩ ២៨០ដុល្លារ។
ក្នុងនោះ LS Heritage Edition នឹងមានពណ៌តួរខ្លួនខាងក្រៅពិសេសថ្មីហៅថា Ninety Noir និង Rioja Red សម្រាប់ផ្នែកខាងក្នុង។ លើសពីនេះម៉ូឌែលពិសេសនេះក៏បានបំពាក់ជាមួយលក្ខណ:ពិសេសផ្សេងៗដូចជា ថាសកង់ពណ៌ប្រផេះទំហំ ២០អ៊ីញ, ដំបូលកញ្ចក់ Panoramic, កៅអីខាងក្រោយមានមុខងារកម្តៅ និងឧបករណ៍បំពងសម្លេងប្រភេទ Mark Levinson កម្លាំង 2,400W ចំនួន ២៣ចំណុច។
សម្រាប់ Lexus LS Heritage Edition 2026 នឹងបំពាក់មកជាមួយម៉ាស៊ីនដូចទៅនឹង Lexus LS 500 ឆ្នាំ២០២៥ ដែលជាម៉ាស៊ីន Twin-Turbo V6 ចំណុះ ៣,៤លីត្រ អាចផលិតកម្លាំងបាន ៤១៦សេះ និងកម្លាំងរមួល ៦០០ញ៉ូតុនម៉ែត្រ ផ្គូរផ្គង់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ១០វគ្គ៕