Lexus បានបង្ហាញចេញរថយន្ត LX 570 ស៊េរីឆ្នាំ ២០២១ សម្រាប់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ដែលមានបន្ថែមនូវការអាប់ដេតមួយ និងមានការផ្លាស់ប្ដូរមុខមាត់សម្រាប់ Option មួយចំនួនផងដែរ។
ជាក់ស្ដែងដូចជា ជាមួយកញ្ចប់ Sport Package ថ្មី មានការបំពាក់នូវផ្ទាំងប៉ាណាថ្មីដែលមានរចនាបថស្រដៀងគ្នានឹងរថយន្ត Lexus RX ស៊េរីថ្មីឆ្នាំ ២០២១ ដែរ ហើយកាងខាងក្រោមក៏មានរូបរាងស្អាតជាងមុនផងដែរ។ Sport Package នេះដែរក៏មានបន្ថែមនូវយ៉ាន់កង់ទំហំ ២១អ៊ីញថ្មីផងដែរ។ ចំណែកចំណុចដទៃទៀតមិនមានការផ្លាស់ប្ដូរខុសពីមុននោះទេ។
Lexus ក៏បានបន្ថែមប្រភេទពិសេសឈ្មោះថា LX Inspiration Series ដែលមានផលិតត្រឹម ៥០០គ្រឿងប៉ុណ្ណោះ។ ស៊េរីពិសេសនេះមានជម្រើសពណ៌ចំនួនពីរគឺពណ៌ Black Onyx និងពណ៌ White Pearlហើយមានរចនាពណ៌ខ្មៅលើផ្នែកមួយចំនួនដូចជានៅលើផ្ទាំងប៉ាណា, ស៊ុមកញ្ចក់, ដៃទ្វារ, យ៉ាន់កង់ទំហំ ២១អ៊ីញ និងស្លាក LX 570 សុទ្ធតែរចនាពណ៌ខ្មៅ។ នៅផ្នែកខាងក្នុងឯណោះវិញក៏មានបំពាក់គ្រឿងបរិក្ខារពិសេសផងដែរ ដោយមានកៅអីអង្គុយស្រោបដោយស្បែកខ្មៅរំលេចដោយពណ៌ក្រហមមើលទៅទាក់ទាញបំផុត។
រថយន្ត Lexus LX 570 ស៊េរីឆ្នាំ ២០២១ គ្រប់ប្រភេទនៅតែបំពាក់នូវម៉ាស៊ីន V8 ចំណុះ ៥,៧លីត្រ ដែលមានកម្លាំង ៣៨៣សេះ ហើយភ្ជាប់ជាមួយប្រអប់លេខអូតូ ៨វគ្គ និងមានប្រព័ន្ធបើកបរវិលកង់ទាំងបួន។
គួរដឹងដែរថា Lexus មិនទាន់បានប្រាប់អំពីតម្លៃរបស់រថយន្តស៊េរីថ្មីនេះនៅឡើយទេ ហើយវាទំនងជានឹងដាក់លក់លើទីផ្សារអាមេរិកនាចុងឆ្នាំ ២០២០ នេះ៕