Lexus LX 570 ចេញស៊េរីឆ្នាំ ២០២១ មានមួយប្រភេទប្ដូរមុខថ្មី

Lexus បាន​បង្ហាញ​ចេញ​រថយន្ត​ LX 570 ស៊េរី​ឆ្នាំ ២០២១ សម្រាប់​លក់​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ដែល​មាន​​បន្ថែម​នូវ​ការ​អាប់​ដេត​មួយ និង​មាន​ការ​ផ្លាស់​ប្ដូរ​មុខ​មាត់​សម្រាប់ Option មួយ​ចំនួន​ផង​ដែរ។

Sport Package

ជាក់​ស្ដែង​ដូច​ជា​ ជា​មួយ​កញ្ចប់​ Sport Package ថ្មី​ មាន​ការ​បំពាក់​នូវ​ផ្ទាំង​ប៉ាណា​ថ្មី​ដែល​មាន​រចនាបថ​ស្រដៀង​​គ្នា​នឹង​រថយន្ត Lexus RX ស៊េរី​ថ្មី​ឆ្នាំ ២០២១ ដែរ ហើយ​កាង​ខាង​ក្រោម​ក៏​មាន​រូបរាង​ស្អាត​ជាង​មុន​ផង​ដែរ។ Sport Package នេះ​ដែរ​ក៏​មាន​បន្ថែម​នូវ​យ៉ាន់​កង់​ទំហំ ២១អ៊ីញ​ថ្មី​ផង​ដែរ។ ចំណែក​ចំណុច​ដទៃ​ទៀត​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ខុស​ពី​មុន​នោះ​ទេ។

Inspiration Series

Lexus ក៏​បាន​បន្ថែម​ប្រភេទ​ពិសេស​ឈ្មោះ​ថា LX Inspiration Series ដែល​មាន​ផលិត​ត្រឹម ៥០០​គ្រឿង​ប៉ុណ្ណោះ។ ស៊េរី​ពិសេស​នេះ​មាន​ជម្រើស​ពណ៌​ចំនួន​ពីរ​គឺ​ពណ៌ Black Onyx និង​ពណ៌ White Pearl​ហើយ​មាន​រចនា​ពណ៌​ខ្មៅ​លើ​ផ្នែក​មួយ​ចំនួន​ដូច​ជា​នៅ​លើ​ផ្ទាំង​ប៉ាណា, ស៊ុម​កញ្ចក់​, ដៃ​ទ្វារ, យ៉ាន់​កង់​ទំហំ​ ២១អ៊ីញ និង​​ស្លាក LX 570 សុទ្ធ​តែ​រចនា​ពណ៌​ខ្មៅ។ នៅ​ផ្នែក​ខាង​ក្នុង​ឯណោះ​វិញ​ក៏​មាន​បំពាក់​គ្រឿង​បរិក្ខារ​ពិសេស​ផង​ដែរ ដោយ​មាន​កៅអី​អង្គុយ​ស្រោប​ដោយ​ស្បែក​ខ្មៅ​រំលេច​ដោយ​ពណ៌​ក្រហម​​មើល​ទៅ​ទាក់ទាញ​បំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Lexus LX 570 ស៊េរី​ឆ្នាំ ២០២១ គ្រប់​ប្រភេទ​នៅ​តែ​បំពាក់​នូវ​ម៉ាស៊ីន V8 ចំណុះ ៥,៧លីត្រ ដែល​​មាន​កម្លាំង ៣៨៣សេះ ហើយ​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​អូតូ ៨វគ្គ និង​មាន​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន។

គួរ​ដឹង​ដែរ​ថា​ Lexus មិន​ទាន់​បាន​ប្រាប់​អំពី​តម្លៃ​របស់​រថយន្ត​ស៊េរី​ថ្មី​នេះ​នៅ​ឡើយ​ទេ ហើយ​វា​ទំនង​ជា​នឹង​ដាក់​លក់​លើ​ទីផ្សារ​អាមេរិក​នា​ចុង​ឆ្នាំ ២០២០ នេះ៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម