[ទីផ្សារបរទេស] ហាងលក់រថយន្ត Lexus នៅវៀតណាមបានចាប់ផ្ដើមបើកទទួលការកក់ទិញរថយន្ត LX600 ដែលក្នុងនោះមានចែកចេញជាបីប្រភេទ និងមានតម្លៃចាប់ពីជាង ៣៤ម៉ឺនដុល្លារ ខណៈដែលរថយន្តអាចដល់ដៃអតិថិជនៅអំឡុងខែកក្កដាខាងមុខ។
Lexus LX 600 ដែលលក់នៅប្រទេសវៀតណាមមានចែកចេញជា Urban, F-Sport និង VIP ដែលមានបំពាក់កៅអីអង្គុយខុសគ្នា ដោយសម្រាប់ Urban មានកៅអី៧ តម្លៃប្រមាណ ៣៤៦ ០០០ដុល្លារ ឯប្រភេទ F-Sport មានកៅអីអង្គុយ៥ តម្លៃប្រមាណ ៣៦៥ ៣០០ដុល្លារ និង VIP មានកៅអីអង្គុយ៤ តម្លៃប្រមាណ ៣៩៣ ៣០០ដុល្លារ។
តម្លៃរបស់ Urban គឺធូរថ្លៃ ប្រសិនបើធៀបនឹងរថយន្ត LX 570 ពីមុនដែលមានដាក់លក់ចាប់ពីជិត ៣៧ម៉ឺនដុល្លារ នៅលើទីផ្សារវៀតណាម។ ការថយចុះតម្លៃនេះអាចដោយ LX 600 ប្រើម៉ាស៊ីនថ្មី ចំណុះ៣,៥លីត្រ ដែលចំណុះតូចនេះមានន័យថាបង់ពន្ធនាំចូលទាបជាងមុន។
សម្រាប់ពេញមួយឆ្នាំ២០២២នេះ Lexus LX 600 មានប្រហែល ១២០ ទៅ ១៥០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារប្រទេសវៀតណាម ខណៈអ្នកដែលចាប់អារម្មណ៍ទិញរថយន្តនេះគឺមានលើសពី ២៥០នាក់ ហើយអាចឡើងដល់ ៣០០នាក់ នៅត្រឹមចុងឆ្នាំនេះ៕