[បរទេស] ក្រុមហ៊ុន Lexus បានធ្វើការបញ្ចេញនូវម៉ូឌែលឆ្នាំ២០២៤ នៃត្រកូល NX ជាមួយការអាប់ដេតទៅលើផ្នែកមួយចំនួន និងជម្រើសពណ៌ថ្មី និងជម្រើសម៉ាស៊ីន ៤ជម្រើស។
ចាប់តាំងពីរថយន្តប្រភេទ Crossover ត្រូវបានផ្លាស់ប្តូរថ្មីសម្រាប់ម៉ូឌែលឆ្នាំ២០២២ ទើបឆ្នាំនេះរថយន្តបានទទួលនូវការអាប់ដេតថ្មីដែលតិចតួច រួមទាំងផ្នែកខាងក្នុង ជាមួយការផ្តល់នូវជម្រើសពណ៌ថ្មី (ពណ៌ខ្មៅ, ខ្មៅលាយទឹកដោះគោ, Palomino និង Rioja Red) និងដំបូលកញ្ចក់ Moonroof ឬ Panoramic Glass roof សម្រាប់កញ្ចប់ F Sport Luxury នៅលើម៉ូឌែល NX 350។
សម្រាប់រថយន្ត Lexus NX សេរ៊ីឆ្នាំ២០២៤ ត្រូវបានចែកចេញជា ៧ជម្រើសម៉ូឌែល៖
- Lexus NX 250 ប្រភេទធម្មតាមានតម្លៃ ៤០ ២០៥ដុល្លារ និងប្រភេទ Premium មានតម្លៃ ៤៣ ២៥៥ដុល្លារ
- Lexus NX 250 AWD ប្រភេទធម្មតាមានតម្លៃ ៤១ ៨០៥ដុល្លារ និងប្រភេទ Premium មានតម្លៃ ៤៤ ៨៥៥ដុល្លារ
- Lexus NX 350 AWD ប្រភេទធម្មតាមានតម្លៃ ៤៣ ៩៦៥ដុល្លារ, ប្រភេទ Premium មានតម្លៃ ៤៧ ០១៥ដុល្លារ និងប្រភេទ Luxury មានតម្លៃ ៥០ ១០៥ដុល្លារ
- Lexus NX 350 AWD F Sport មានតម្លៃ ៤៩ ០៦៥ដុល្លារ
- Lexus NX 350h ប្រភេទធម្មតាមានតម្លៃ ៤៣ ៨០៥ដុល្លារ, ប្រភេទ Premium មានតម្លៃ ៤៣ ៨៥៥ដុល្លារ និងប្រភេទ Luxury មានតម្លៃ ៤៩ ៩៤៥ដុល្លារ
- Lexus NX 450h+ ប្រភេទ Luxury មានតម្លៃ ៥៨ ៦៥៥ដុល្លារ
- Lexus NX 450h+ F Sport មានតម្លៃ ៥៩ ៩០៥ដុល្លារ។
ចំណែកជម្រើសម៉ាស៊ីនគឺទទួលបាននូវជម្រើស ៤ប្រភេទគឺ
- ម៉ូឌែល NX 250 បំពាក់ដោយម៉ាស៊ីនចំណុះ ២,៥លីត្រ Naturally aspirated ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៣សេះ និងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ។
- ម៉ូឌែល NX 350 បំពាក់ដោយម៉ាស៊ីនចំណុះ ២,៤លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៥សេះ កម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ ប្រភេទប៉ុង២ ស្តង់ដា។
- ម៉ូឌែល NX 350h បំពាក់ដោយម៉ាស៊ីនកូនកាត់ហាយប្រ៊ីដចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ២៤០សេះ និងមានកម្រិតស៊ីសាំង ៦លីត្រសម្រាប់ការបើកបរចម្ងាយ ១០០គ.ម។
- ម៉ូឌែលខ្ពស់បំផុត NX 450h+ បំពាក់ដោយម៉ាស៊ីន PHEV ចំណុះ ២,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ នៅខាងក្រោយ និងកញ្ចប់អាគុយ Iithium-ion ទំហំ ១៨,១គីឡូវ៉ាត់ ដោយអាចផលិតកម្លាំងបាន ៣០២សេះ និងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៦០គីឡូម៉ែត្រ៕