Lexus RC F ប្រភេទ Track Edition មិនមែន Lexus ធម្មតាដូចអ្នកគិតឡើយ!

Lexus ​បាន​ដាក់​បង្ហាញ​រថយន្ត​ស្ព័រ RC F ប្រភេទ Track Edition ថ្មី ស៊េរី​ឆ្នាំ ២០២០ ជាផ្លូវការ ដោយបំពាក់នូវលក្ខណៈពិសេសជាច្រើន។

Lexus RC F Track Edition បានអាប់ដេត​ប្រសើរ​ជាងម៉ូដែល RC F ធម្មតា ដូចជា ជួយ​ឲ្យ​រថយន្ត​បើក​កាត់​ខ្យល់​ប្រសើរ​ជាង​មុន, មាន​ទម្ងន់​ស្រាល​ជាង​មុន, ប្រព័ន្ធ​ប៊ូម​ដំណើរការ​​ប្រសើរ​ជាង​មុន ហើយ​រូបរាង​ដ៏​ទាក់ទាញ​ជាង​មុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

RC F Track Edition នៅ​តែ​បំពាក់​ម៉ាស៊ីន​ដូច RC F ដដែល គឺ ម៉ាស៊ីន​សាំង​ចំណុះ ៥,០ លីត្រ Naturally Aspirated ទំហំ ៨ ស៊ីឡាំង (V8) កម្លាំង​ ៤៧២ សេះ ប្រើ​ប្រអប់លេខ​អូតូ ៨ វគ្គ ជាមួយមុខងារ Launch Control​មក​ស្តង់ដារ ​អនុញ្ញាត​ឲ្យ​វា​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៣,៩ វិនាទី​ប៉ុណ្ណោះ ខណៈ RC F ធម្មតា​ប្រើ​ពេល ៤,២ វិនាទី។

អ្វី​ដែល​ធ្វើ​ឲ្យ Lexus RC F Track Edition ពិសេស​ជាង RC F ធម្មតា ក៏​ដោយសារតែ​ កាង​កាត់​ខ្យល់​ផ្នែក​ខាងមុខ,​ដំបូល​ម៉ាស៊ីន, ដំបូល​រថយន្ត​ទាំង​មូល​ និង កាងកន្ទុយត្រីខាងក្រោយ សុទ្ធតែជា Carbon Fiber។ កន្ទុយ​ត្រី​ផ្នែក​ខាងក្រោយនោះទៀតសោធ ជួយ​ឲ្យ​លំហូរ​ខ្យល់​រត់​បាន​ល្អ​ប្រសើរ​ជាង​មុន​ទៀតផង។

ក្រៅពីនោះ Lexus RC F Track Edition បំពាក់​បំពង់​ស៊ីម៉ាំង ៤, ហ្វ្រាំង Brembo Carbon Ceramic និង យ៉ាន់​អាលុយមីញ៉ូម​ទម្ងន់​ស្រាល ប្រភេទ BBS ទំហំ ១៩ អ៊ីញ​។ រថយន្ត​ស្ព័រ​របស់​ជប៉ុន​នេះ​មាន​តែ ២ ពណ៌​ប៉ុណ្ណោះ គឺ ពណ៌ស (Ultra White) និង ពណ៌​ប្រផេះ (Matte Nebula Gray) ជាមួយតម្លៃ ៩៦ ៦៥០ ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម