Lexus RX សេរ៊ី២០២៣ បង្ហាញខ្លួនជាមួយមុខមាត់ថ្មី ថែមទាំងនាំម៉ាស៊ីនសន្សំសំចៃមកជាមួយផងដែរ

រថយន្ត Lexus RX សេរ៊ីឆ្នាំ២០២៣ ជំនាន់ទី ៥ថ្មី បានធ្វើការបង្ហាញខ្លួនជាផ្លូវការ ជាមួយរូបរាងនៃការផ្លាស់ប្តូរទាំងស្រុង បច្ចេកវិទ្យាកាន់តែទំនើប ជាពិសេសជម្រើសម៉ាស៊ីនកូនកាត់កាន់តែជួយសន្សំសំចៃ។

សម្រាប់ជម្រើសម៉ូឌែលឆ្នាំ ២០២៣នេះ រួមមាន RX 350, 350h, RX 500h F Sport Performance និង 450h+ PHEV។

ពាណិជ្ជកម្ម
  • ប្រភេទ RX 350 ដែលកាលពីមុនដំណើរការដោយម៉ាស៊ីន ៣,៥លីត្រ V6 ត្រូវបានផ្លាស់ប្តូរថ្មីជាមួយម៉ាស៊ីន Turbocharged ចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧៥សេះ និងកម្លាំងរមួល ៤២៩ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គអូតូ និងមានកម្រិតស៊ីប្រេងជាមធ្យម ៩,៨លីត្រ ក្នុងរយៈចម្ងាយ ១០០គ.ម។ លើសពីនេះវាអាចស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ដោយប្រើពេល ៧,២វិនាទីប៉ុណ្ណោះ។
  • ប្រភេទ 350h ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ផ្គួបជាមួយប្រព័ន្ធកូនកាត់ហាយប្រ៊ីដជំនាន់ទី៤ ដែលអាចផលិតកម្លាំងបាន ២៤៦សេះ និង ៣១៦ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ CVT និងអាចស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ដោយប្រើពេល ៧,៤វិនាទី។
  • ប្រភេទ 450h+ PHEV ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥លីត្រ​ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ និងកញ្ជប់អាគុយ Lithium-ion ទំហំ ១៨,១គីឡូវ៉ាត់ម៉ោង ជួយផលិតកម្លាំងបាន ៣០២សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ត្រ និងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៦០គីឡូម៉ែត្រ។
  • ប្រភេទ RX 500h F Sport Performance ដំណើរការដោយម៉ាស៊ីនចំណុះ ២,៤លីត្រ​ ៤ស៊ីឡាំង ផលិតកម្លាំងបាន ៣៦៧សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ត្រ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គអូតូ និងមានកម្រិតស៊ីប្រេង ៩លីត្រក្នុងចម្ងាយ ១០០គីឡូម៉ែត្រ។ លើសពីនេះវាបានភ្ជាប់មកជាមួយប្រព័ន្ធនៃការបើកបរ Direct4 AWD ផងដែរ។

រថយន្ត Lexus RX សេរ៊ីឆ្នាំ២០២៣ ត្រូវបានផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹង GA-K platform ដូចគ្នានឹងរថយន្ត ES និង NX ដែលវាបានជួយអោយម៉ូឌែលឆ្នាំ២០២៣នេះ មានទម្ងន់ស្រាលជាងមុន ៨៩,៨១គីឡូក្រាម និងមានប្រវែងគម្លាតកង់មុខ-ក្រោយវែងជាងមុន ៥,៩៩សង់ទីម៉ែត្រ។

លើសពីនេះរថយន្ត RX នឹងផ្តល់នូវជម្រើសម៉ូឌែលចំនួន ៦ប្រភេទផ្សេងៗគ្នាដែលមានដូចជា Standard, Premium, Premium+, Luxury, F Sport Handling និង F Sport Performance។ ព្រមទាំងមានជម្រើសពណ៌ ១០ពណ៌ដូចជា Ultra White, Eminent White Pearl, Nebula Gray Pearl, Iridium, Caviar, Matador Red Mica, Copper Crest, Nori Green Pearl, Nightfall Mica និងGrecian Water។

បើក្រឡេកមើលលើការរចនានៃម៉ូឌែលឆ្នាំ ២០២៣នេះ វាត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង ដោយផ្នែកខាងមុខបានបំពាក់មកជាមួយប៉ាណាមុខជំនាន់ថ្មីរបស់ Lexus ដែលអោយឈ្មោះថា “Spindle Grille”, ចង្កៀងសងខាងថ្មី ភ្ជាប់ដោយអំពូលបំភ្លឺពេលថ្ងៃរចនាថ្មី និងរន្ធខ្យល់ខាងក្រោមឌីស្សាញធំជាងមុខផងដែរ។ ចំណែកផ្នែកខាងក្រោយក៏ផ្លាស់ប្តូរថ្មីដូចគ្នាដែរ អំពូលនៅផ្នែកខាងក្រោយត្រូវបានអូសជាខ្សែពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង និងកាងការពារខាងក្រោយឌីស្សាញថ្មីកាន់តែស្ព័របន្ថែមទៀត។

រីឯផ្នែកខាងក្នុងឃើញថាក៏បានអភិវឌ្ឍន៍ ដោយទីតាំងនៃអេក្រង់កម្សាន្តទំហំ ១៤អ៊ីញ ត្រូវបានទម្លាក់មកកាន់ទីតាំងទាបជាមុនជាប់ជាមួយកុងទ័របង្ហាញ។ ហើយការអាប់ដេតផ្សេងទៀតរួមមានដំបូលកញ្ចក់បែប Panorama និងអេក្រង់បង្ហាញព័ត៌មានបាញ់នៅលើកញ្ចក់ នៅលើគ្រប់ម៉ូឌែលទាំងអស់។

បន្ថែមពីនេះ RX ២០២៣ ក៏នឹងបំពាក់មកជាមួយកញ្ចប់សុវត្ថិភាព Lexus Safety System+ 3.0 ដែលរួមបញ្ជូលនូវប្រព័ន្ធដូចជា Pre-collision system with pedestrian detection, Intersection support with motorcycle detection, Dynamic Radar Cruise Control, Lane Departure Alert with Steering Assist, Emergency Driving Stop System និង Advanced Parking system។

គួរបញ្ជាក់ផងដែរ ព័ត៌មានលម្អិតបន្ថែម និងតម្លៃនៃម៉ូឌែលឆ្នាំ ២០២៣នេះ គឺពុំទាន់មានប្រកាសនៅឡើយនេះទេ ដោយរង់ចាំជិតដល់ពេលវេលានៃការចេញលក់ នាចុងឆ្នាំនេះ៕

Sponsored