[ទីផ្សារបរទេស] ដើម្បីអបអរខួបលើកទី ១៤ ឆ្នាំរបស់ Lexus នៅក្នុងទីផ្សារប្រទេសហ្វីលីពីន ក្រុមហ៊ុនLexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Lexus RX ជំនាន់ទី ៥ រូបរាងថ្មីទាំងស្រុង SUV ដ៏ប្រណិត និងជារថយន្តប្រភេទកូនកាត់ hybrid ដំបូងគេរបស់ពិភពលោក។
រថយន្ត Lexus RX ស៊េរីឆ្នាំ ២០២៣ ត្រូវបានផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹង GA-K platform ដែលមានប្រវែងគម្លាតកង់មុខ-ក្រោយវែងជាងមុន ៦០ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅ នៅផ្នែកខាងមុខបានបំពាក់មកជាមួយប៉ាណាមុខជំនាន់ថ្មីរបស់ Lexus ដែលអោយឈ្មោះថា “Spindle Grille” អបដោយចង្កៀងសងខាងថ្មី ឲ្យឈ្មោះថា triple LED headlights ភ្ជាប់ដោយអំពូលបំភ្លឺពេលថ្ងៃរចនាថ្មីរាងជាអក្សរ L និងរន្ធខ្យល់ខាងក្រោមឌីស្សាញធំជាងមុន និងថាសកង់ស្ព័រទំហំ ២១ អ៊ីញជាស្តង់ដារ ។ ខណះ នៅផ្នែកខាងក្រោយមានចង្កៀងត្រូវបានរចនាជាខ្សែអូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង និងកាងការពារខាងក្រោយឌីស្សាញថ្មីកាន់តែស្ព័របន្ថែមទៀត។
រីឯផ្នែកខាងក្នុងឃើញថាក៏បានអភិវឌ្ឍន៍ ជាមួយទំហំធំជាងមុន ដោយទីតាំងនៃអេក្រង់កម្សាន្តទំហំ ១៤អ៊ីញ ត្រូវបានទម្លាក់មកកាន់ទីតាំងទាបជាមុនជាប់ជាមួយកុងទ័របង្ហាញព័ត៌មាន កៅអីស្បែកប្រភេទ vegan រចនាថ្មី។ ហើយការអាប់ដេតផ្សេងទៀតរួមមានដំបូលកញ្ចក់បែប Panorama និងអេក្រង់បង្ហាញនៅលើកញ្ចក់ នៅលើគ្រប់ម៉ូឌែលទាំងអស់។ បន្ថែមពីនេះ RX ២០២៣ ក៏នឹងបំពាក់មកជាមួយកញ្ចប់សុវត្ថិភាពចុងក្រោយ Lexus Safety System+ ផងដែរ។
ទាក់ទងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែល RX 350h ដំណើរការដោយម៉ាស៊ីន hybrid ចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងសរុបបាន ២៤៦ សេះ និងកម្លាំងរមួល ៣១៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ e-CVT ។ ខណះម៉ូដែលកំពូលគឺ Lexus RX 500h ដំណើរកាដោយប្រព័ន្ធម៉ាស៊ីន parallel hybrid system ចំណុះ ២,៤ លីត្រ turbocharged ផ្គបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ៣៧១ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ និងប្រភេទបើកបរប៉ុង ២ ថ្មី Direct4 all-wheel drive system ។
សម្រាប់រថយន្ត Lexus RX ជំនាន់ចុងក្រោយនេះ មានម៉ូដែលម៉ូដែលសម្រាប់ជ្រើសរើសនៅក្នុងទីផ្សារប្រទេសហ្វីលីពីនរួមមាន៖
- Lexus RX 350h Executive មានតម្លៃលក់ចាប់ពី ៩២ ៣២៩ ដុល្លារ
- Lexus RX 350h Premier មានតម្លៃលក់ចាប់ពី ១១២ ៩៥៦ ដុល្លារ
- Lexus RX 500 F Sport មានតម្លៃលក់ចាប់ពី ១២១ ៧១៨ ដុល្លារ៕