Lexus UX ស៊េរីឆ្នាំ២០២៣ ចេញលក់ដោយលែងមានជម្រើសម៉ាស៊ីនសាំងសុទ្ធ

[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus បានធ្វើការអាប់ដេតរថយន្ត SUV តូចជាងគេរបស់ខ្លួនគឺម៉ូដែល UX ស៊េរីឆ្នាំ២០២៣ ដោយ​មាន​បំពាក់នូវប្រព័ន្ធ Infotainment ជំនាន់ចុងក្រោយ និងបច្ចេកវិទ្យា ADAS មកជាមួយ F Sport ដែលមានរចនាបថថ្មី ប៉ុន្តែ​​នៅ​ទីផ្សារសហរដ្ឋអាមេរិក រថយន្តនេះនឹងមានតែជម្រើសម៉ាស៊ីន Hybrid UX 250h តែប៉ុណ្ណោះ។

ប្រព័ន្ធ Infotainment ថ្មីលើរថយន្ត UX មានមកជាស្តង់ដារនូវអេក្រង់ ៨អ៉ីញ ឬក៏អាចជ្រើសរើសប្រភេទអេក្រង់ ១២,៣អ៉ីញ ដែលប្រព័ន្ធថ្មីនេះមានកម្រិតបង្ហាញច្បាស់ជាងមុន និងមានមុខងារតភ្ជាប់ច្រើនជាងមុន រួមមានមុខងារ Apple CarPlay, Android Auto និងជំនួយការសំឡេងថ្មី។ ដុំ Console នៅចំកណ្ដាលបានផ្លាស់ប្ដូរការឌីហ្សាញបន្តិចបន្តួច ដោយមានកន្លែង​សាក​ថ្មទូរសព្ទធំជាងមុន, មានភ្លើង LED ហើយមានរន្ធ USB ចំនួនពីរ​។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់បច្ចេកវិទ្យា ADAS វិញ រថយន្ត UX មានបំពាក់នូវប្រព័ន្ធ Lexus Safety System+ 2.5 ដូចដែលមានប្រើលើ​រថយន្ត NX។ វាមានមកជាស្តង់ដារសម្រាប់រថយន្តស៊េរីឆ្នាំ២០២៣ ដែលមានមុខងារដូចជា Dynamic Radar Cruise Control ជាមួយមុខងារ curve speed-control, Emergency Steering Assist, Lane Tracing Assist, និងមុខងារ Pre-Collision System ដែលមានសមត្ថភាពប្រសើរជាងមុន។

គួរដឹងថាប្រភេទម៉ាស៊ីនតែមានតែមួយជម្រើសសម្រាប់ទីផ្សារអាមេរិកគឺជា UX 250h ដែលមានផ្គួបផ្សំម៉ាស៊ីនចំណុះ ២,០លីត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ អាចផលិតកម្លាំងបាន ១៨១សេះ។ ការលក់រថយន្តនេះនឹងចាប់ផ្ដើមនៅ​អំឡុងត្រីមាសទីបីនៃឆ្នាំ២០២២ ជាមួយតម្លៃនឹងប្រកាសចេញពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម