[ទីផ្សារបរទេស] រថយន្ត Lexus CT 200h ត្រូវបានក្រុមហ៊ុន Lexus ប្រកាសថានឹងត្រូវបញ្ចប់ការផលិតនៅខែតុលា ឆ្នាំ២០២២នេះ ក្រោយពីបានចេញលក់លើទីផ្សារអស់រយៈពេល១២ឆ្នាំ ហើយជាចុងក្រោយ Lexus បានបង្ហាញចេញរថយន្ត CT ប្រភេទពិសេសឈ្មោះថា “Cherished Touring” ជាការគ្នាសម្រាប់រថយន្តនេះ។
រថយន្តប្រភេទពិសេសនេះគឺមានលក់ផ្ដាច់មុខតែនៅប្រទេសជប៉ុនប៉ុណ្ណោះ ដោយវាមានរូបរាងខុសប្លែកពីប្រភេទធម្មតាត្រង់ចំណុចដែលវាប្រើប្រាស់ទឹកថ្នាំពណ៌ទឹកប្រាក់លើគ្រឿងជាច្រើននៃរថយន្តរួមមានលើផ្ទាំងប៉ាណា, ស៊ុមនៃអំពូលកាត់អ័ព្ធ, ស៊ុមនៃកាងខាងក្រោយ រួមទាំងដំបូលដែលប្រើពណ៌ប្រភេទ Sonic Titanium ផងដែរ។
រថយន្តនេះដែរមានប្រើប្រាស់ម៉ាស៊ីន ១,៨លីត្រ ដែលរួមគ្នជាមួយម៉ូទ័រអគ្គិសនីមួយ អាចផលិតកម្លាំងបាន ១៣៤សេះ និងប្រើប្រាស់ប្រអប់លេខ CVT ដែលប្រើប្រព័ន្ធបើកបរវិលកង់ខាងមុខ។
តម្លៃរបស់ CT 200h ប្រភេទនេះមានចាប់ពីប្រមាណ ៣៦ ៥០០ដុល្លារ នៅលើទីផ្សារប្រទេសជប៉ុន ខណៈដែលរថយន្ត CT 200h ធម្មតាគឺមានតម្លៃចាប់ពីប្រមាណ ៣៣ ៤៤០ដុល្លារ។
គួររំលឹកថា Lexus CT 200h បានប្រកាសចេញជាលើកដំបូងកាលពីឆ្នាំ២០១០ ដែលត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងរបស់រថយន្ត Toyota Corolla/Auris ជាមួយប្រព័ន្ធម៉ាស៊ីន Hybrid។ រថយន្តនេះអាចលក់ចេញបានប្រមាណ ៣៨ម៉ឺនគ្រឿង ក្នុងប្រទេសចំនួន៦៥៕