តាមតួលេខនៃការលក់របស់ Edmunds បានបង្ហាញថាទំហំទីផ្សាររបស់រថយន្ត Lexus នៅសហរដ្ឋអាមេរិកបានថយចុះមកនៅត្រឹម ១៣% ធ្លាក់ចំណុចកំពូល ១៨% ដែលមានកាលពី ១០ ឆ្នាំមុន។
នេះក៏ដោយសារតែរថយន្ត SUV ខ្នាតធំរបស់ Lexus ម៉ូដែល Lexus GX និង Lexus LX មិនទាន់មានការផ្លាស់ប្ដូរថ្មីឲ្យឃើញជាដំកំភួននៅឡើយទេ។ រថយន្តទាំងពីរនៅប្រើប្រាស់គ្រោងឆ្អឹងចាស់ និងប្រើប្រាស់ប្រព័ន្ធកម្សាន្តចាស់ដដែល។ ចំណែក Lexus RX ដែលចេញជាប្រភេទកៅអី ៣ ជួរនៅឆ្នាំ ២០១៧ មិនឃើញមានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនដូចដែលក្រុមហ៊ុនរំពឹងទុកនោះឡើយ។
យ៉ាងណាក្ដីបើតាមនាយកគ្រប់គ្រងទូទៅរបស់សាខា Lexus ប្រចាំនៅ Maryland បានមានជំនឿជាក់ថា ៖ “យើងនឹងឃើញ Lexus កើនឡើងចំណែកទីផ្សារឡើងវិញក្នុងរយៈពេល ២ ៣ ៤ ៥ ឆ្នាំ និងជារៀងដរាបតទៅ។”
បើតាមការចេញផ្សាយកន្លងទៅ រថយន្ត Lexus LX ដែលមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង នឹងលេចមុខនៅឆ្នាំ ២០២១ ខាងមុខ។ ប៉ុន្តែ Lexus នឹងត្រូវប្រឈមមុខនឹងគូប្រជែងថ្មីពីកូរ៉េខាងត្បូង គឺក្រុមហ៊ុន Genesis ដែលក្រុមហ៊ុននេះនឹងបញ្ចេញរថយន្ត SUV ប្រណីតខ្នាតធំក្នុងពេលដ៏ខ្លីខាងមុខនេះ។
ទន្ទឹងនឹងនេះដែរ រថយន្ត ៣ ម៉ូដែលរបស់ Lexus ជាប់ជារថយន្តគួរឲ្យទុកចិត្តបំផុតក្នុងចំណោមរថយន្តកំពូលទាំង ១០ នៅក្នុងតារាងរបស់ Consumer Reports៕