Lexus នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ នៅត្រឹមឆ្នាំ២០៣៥

ក្នុងកំឡុងពេលនៃសន្និសីទសារព័ត៌មានស្តីពីយុទ្ធសាស្ត្រថាមពលអគ្គិសនីរបស់ Toyota ក្នុងនោះដែរ Lexus ក៏បានធ្វើការប្រកាសអំពីដំណើរក្នុងការក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធ នៅអ៊ឺរ៉ុប, អាមេរិចខាងជើង និងចិន នៅត្រឹមឆ្នាំ២០៣០ និងនៅលើទីផ្សារសកលលោក ត្រឹមឆ្នាំ២០៣៥។ ជាមួយការប្រកាសនេះ Lexus ក៏បានធ្វើការបង្ហាញចេញគំរូរថយន្តមួយចំនួនផងដែរ។

ចាប់ផ្តើមជាមួយម៉ូឌែលដែលចាប់អារម្មណ៍បំផុត ដែល Lexus បានសំដៅ”វាថាជាគំរូរថយន្តដែលដំណាងអោយយីហោនាពេលអនាគត”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្តស្ព័រ ២កៅអី ត្រូវបានរចនាមកជាមួយកម្ពស់ទាប តួរផ្នែកខាងមុខវែង និងមានរន្ធខ្យល់រចនាយ៉ាងទាក់ទាញ។ សម្រាប់សម្ថភាពនៃការបើកបររបស់រថយន្តស្ព័រនេះ គឹលឿនជាងរថយន្ត Supercar នាពេលបច្ចុប្បន្ន ដោយស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេលតិចជាង ២វិនាទី។

ខណៈពេលក្រុមហ៊ុនពុំទាន់បង្ហាញចេញនូវព័ត៌មានលម្អិតទៅលើថាមពលអគ្គិសនី រថយន្តនេះទំនងជាអាចផលិតថាមពលបានលើសពីកម្លាំង ៥៥២សេះ នៃម៉ាស៊ីន ៤,៤លីត្រ V10 ជំនាន់មុនរបស់វា ហើយព្រមទាំងមានចម្ងាយនៃការបើកបរបានលើសពី ៧០០គីឡូម៉ែត្រ ដែលទទួលបានពីបច្ចេកវិទ្យាអាគុយ Solid State។

រីឯម៉ូឌែលទី ២ គឺ Lexus RZ ប្រភេទ Compact Crossover ដែលនឹងបង្ហាញចេញនាឆ្នាំក្រោយ ២០២២ ដែលជាផលិតកម្មនៃគំរូរថយន្ត LF-Z។ ចំពោះរថយន្តនេះ វានឹងត្រូវផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង e-TNGA ដូចគ្នានឹងរថយន្តអគ្គិសនី bZ4x និង Subaru Solterra។ វាត្រូវបានគេរំពឹងថានឹងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ និងអាគុយទំហំ ៩០គីឡូវ៉ាត់ម៉ោង។

ចូលទៅកាន់ម៉ូឌែលទី៣ ដែលជាប្រភេទ SUV ដែលបង្ហាញពីម៉ូឌែលផលិតកម្មមួយទៀត ដែលមានការចែករំលែកផ្នែកមួយចំនួនពីរថយន្ត bZ ប្រភេទ SUV ខ្នាតធំ។ ដែលមានន័យថាវានឹងត្រូវផលិតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹង e-TNGA និងមានកៅអី ៣ជួរ។ រថយន្ត SUV អគ្គិសនីរបស់ Lexus នេះរំពឹងថានឹងផ្តល់នូវកាប៊ីនខាងក្នុងទំនើបជាងបងប្អូន Toyota របស់ខ្លួន ហើយព្រមទាំងបំពាក់មកជាមួយម៉ូទ័រដែលមានថាមពលខ្លាំង។

ចំណែកម៉ូឌែលទី ៤ ជាប្រភេទ​ Sedan ទ្វា៤ មានការរចនាយ៉ាងទាក់ទាញ ជាមួយការគិតគូទៅលើប្រព័ន្ធ Aerodynamic ដែលទទួលបានគំនិតពីរថយន្ត Sportscar។ ព្រមទាំងម៉ូឌែល ទ្វា៥ និងប្រភេទបើកដំបូល ៤កៅអី ដែលមានការរចនាស្រដៀងនឹងបងប្អូនក្នុងត្រកូលរបស់ខ្លួន។

ជាអកុសល Lexus ពុំទាន់បង្ហាញចេញនូវពេលវេលានៃការចេញជាផ្លូវការ ប៉ុន្តែយើងរំពឹងថារថយន្តដែលបានលើកឡើងខាងលើនេះ នឹងបង្ហាញខ្លួននៅមុនឆ្នាំ២០៣០។ បន្ថែមពីនេះ ក្រុមហ៊ុនជប៉ុននេះបានកំណត់គោលដៅនៃការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកចំនួន ១លានគ្រឿងនៅចុងទសវត្សរ៍នេះ។

Lexus នឹងផ្តល់ជូនតែរថយន្តអគ្គិសនីនៅក្នុងទីផ្សារធំៗ រួមទាំងអឺរ៉ុប អាមេរិកខាងជើង និងចិននៅឆ្នាំ ២០៣០។ ការផ្តល់ជូនចុងក្រោយបង្អស់នៃម៉ូឌែលប្រភេទ ICE ឬ hybrid នឹងលែងមានវត្តមាននៅលើទីផ្សារទាំងអស់នៅត្រឹមឆ្នាំ ២០៣៥ នៅពេលដែល Lexus មានបំណងក្លាយជាកាបូនអព្យាក្រឹត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម