[ទីផ្សារបរទេស] ចូលរួមក្នុងកម្មវិធី Goodwood Festival of Speed ក្រុមហ៊ុន Lexus បានដាក់តាំងបង្ហាញរថយន្តជាច្រើនរួមមាន Lexus RZ និង Concept នៃរថយន្តស្ព័រអគ្គិសនី ដែលមានឈ្មោះថា Electrified Sport Concept ថែមទៀតផង។
រថយន្តអគ្គិសនីស្ព័រដែលបានដាក់តាំងបង្ហាញគឺជាការតាំងបង្ហាញលើកដំបូងក្រៅទឹកដីប្រទេសជប៉ុន ដែលធ្វើឲ្យវាក្លាយជារថយន្តកម្របានឃើញមួយក្នុងកម្មវិធី Goodwood Festival of Speed។
តាមការលើកឡើងរបស់ Lexus បានឲ្យដឹងថារថយន្តស្ព័រអគ្គិសនីនេះគឺមានទំនាក់ទំនងជាមួយរថយន្តស្ព័រ LFA ដ៏កម្រ ហើយរថយន្តស្ព័រអគ្គិសនីច្បាស់ណាស់ថាវានឹងមានសមត្ថភាពខ្លាំងក្លាលើស LFA ដោយសារវាមានប្រើប្រាស់ម៉ូទ័រអគ្គិសនី ដែលនឹងអាចផ្ដល់ទាំងកម្លាំងខ្លាំង និងសន្ទុះលឿន។
Lexus និយាយថារថយន្ត Concept នេះនឹងអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេលត្រឹម២វិនាទី ហើយបច្ចេកវិទ្យាអាគុយស្ងួតលើរថយន្តនេះក៏នឹងផ្ដល់ចម្ងាយបើកបរបានឆ្ងាយបំផុតផងដែរ ដោយ Lexus បានលើកឡើងពីចម្ងាយបើកបរប្រមាណ ៦៩២គីឡូម៉ែត្រ។
ជាមួយការបង្ហាញនេះដែរ នៅមិនទាន់មានការបញ្ជាក់ពី Lexus នៅឡើយទេ ថានឹងផលិតរថយន្ត Concept នេះលក់លើទីផ្សារឬយ៉ាងណានោះ៕